ខេត្តកណ្តាល៖ លោក អីុ សុវណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី០៣ មករា ២០១៩ បានសម្រេចចេញដីកាឃុំខ្លួន ស្ត្រីប្រើអំពើហិង្សាលើម្ចាស់អចលនវត្ថុ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”ប្រើអំពើរហិង្សារលើម្ចាស់អចលនវត្ថុដោយសុចរិត” ដែលប្រព្រឹត្តនៅថ្ងៃទី ០២ មករា ២០១៩ វេលាម៉ោង ៨និង០០ នាទី ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តាមមាត្រា២៥៣ នៃច្បាប់ភូមិបាល
ជនត្រូវចោទមានឈ្មោះ យ៉េន ហៀក ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ មានទីលំនៅភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល
ជនរងគ្រោះឈ្មោះ ទ្រី ស៊្រន ភេទ ស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នគរបាលស្រុកខ្សាច់កណ្តាលបានអោយដឹងថានៅអំឡុងឆ្នាំ ២០០៨ ឈ្មោះ ង៉ុយ យ៉េន និងប្រពន្ធឈ្មោះ ចក់ ប៉ិច ជាឪពុកម្តាយ របស់ឈ្មោះ យ៉េន ហៀក ភេទ ស្រី បានខ្ចីចង់ការប្រាក់ពីឈ្មោះ ទ្រី ស៊្រន ចំនួន ៦.០០០$ បន្ទាប់មកនៅថ្ងៃទី០៤.០៨.២០០៩តុលាការ បានដាក់លក់ឡាយឡុងផ្ទះនិងដី ហើយឈ្មោះ ទ្រី ស្រ៊ន បានទទួលទិញយក តុលាការបាន ចេញសាលក្រមសម្រេចប្រគល់ដីនិងផ្ទះរបស់ឈ្មោះ ង៉ុយ យ៉េន ឲ្យទៅឈ្មោះ ទ្រី ស៊្រន។ ដល់ថ្ងៃទី ០២.០៧.២០១៤ តុលាការបានចុះអនុវត្តសាលក្រម ប្រគល់ដីនិងផ្ទះឲ្យទៅឈ្មោះ ទ្រី ស្រ៊ន ហើយឲ្យឈ្មោះ ង៉ុយ យ៉េន និងក្រុមគ្រួសារចាកចេញពីដីនិងផ្ទះលំនៅដ្ឋាននោះ។ បន្ទាប់មកឈ្មោះ ង៉ុយ យ៉េន បានមកសង់ខ្ទមតូចមួយស្នាក់នៅលើដីនេះជាមួយប្រពន្ធកូន ហើយតុលាការខេត្តកណ្តាល បានឃាត់ខ្លួនឈ្មោះ ង៉ុយ យ៉េន ដាក់ពន្ធនាគារផងដែរ ពីបទ៖ ប្រើអំពើហិង្សាលើម្ចាស់អចលនវត្ថុនេះ។ដល់ថ្ងៃទី ០២ មករា ២០១៩ វេលាម៉ោង ៨និង០០ នាទី ឈ្មោះ ទ្រី ស្រ៊ន បាននាំមនុស្សជាច្រើននាក់ទៅកាប់ឆ្ការព្រៃលើដីរបស់ខ្លួន ដើម្បីធ្វើរបង ពេលនោះឈ្មោះ យ៉េន ហៀក ជាកូនរបស់ឈ្មោះ ង៉ុយ យ៉េន បានទៅរារាំងជំទាស់ហើយឈ្មោះ ទ្រី ស្រ៊ន និងមនុស្សជាច្រើននាក់ឃាត់ខ្លួនឈ្មោះ យ៉េន ហៀក ប្រគល់ឲ្យសមត្ថកិច្ចដើម្បីអនុវត្តតាមនីតិវិធី៕ ឆ ដា