ខេត្តកណ្ដាលៈ នារីជាកម្មការិនីរោងចក្រកាត់ដេរ២នាក់ ស្គាល់បុរសម្នាក់តាមហ្វេសប៊ុកបានរយៈពេល៧ថ្ងៃ ចិត្ដស្លុយហ៊ានថតរូបអាក្រាតកាយបង្ហោះឲ្យបុរសជាដៃគូមើល រហូតធ្វើឲ្យបុរសជាដៃគូយករូបនោះមកគំរាមទារប្រាក់ពីនាង ជាបន្ដបន្ទាប់អស់ជិត២ពាន់ដុល្លារ ទើបសម្រេចចិត្ដប្ដឹងសមត្ថកិច្ចឲ្យជួយអន្ដរាគមន៍ ខណៈនាងទាំង២នាក់ពុំមានលទ្ធភាពផ្ដល់លុយបន្ដ ។
ជនសង្ស័យជម្រិតទារប្រាក់ពីនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយនគរបាលខេត្ដតាកែវ ចាប់ខ្លួនបាននៅចំណុចភ្នាក់ងារវីងវេរលុយមួយកន្លែង ស្ថិតនៅផ្សារអង្គរកា ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្ដតាកែវ ខណៈជនសង្ស័យចូលទៅដកលុយនៅទីនោះ កាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ។
មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ ចេង មិត្ដ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្ដតាកែវ ។
ជននេះប្រើប្រាស់អាខោនហ្វេសប៊ុកឈ្មោះ Ahmoa Tps និងប្រើប្រាស់លេខទូរស័ព្ទចំនួន៣ខ្សែ ក្នុងការទំនាក់ទំនងលួងលោម និងគំរាមទារប្រាក់ពី នារីរគ្រោះ២នាក់ ទី១-ឈ្មោះ គ.គ. អាយុ២៣ឆ្នាំ ទី២-ឈ្មោះ ជ. ធ. អាយុ៣៣ឆ្នាំ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុរយះពេលប្រមាណ៧ថ្ងៃ នារី រងគ្រោះទាំង២នាក់ខាងលើ បានទំនាក់ទំនងស្គាល់គ្នាជាមួយជនសង្ស័យ តាមរយះឆាតតាមហ្វេសប៊ុក ការទំនាក់ទំនងគ្នាតាមហ្វេសប៊ុកអស់រះពេលប្រមាណ១សប្ដាហ៍ ជនសង្ស័យ បានប្រើល្បិចលួងលោម រហូតធ្វើឲ្យនារីរងគ្រោះទាំង២នាក់ទន់ចិត្ដទន់ថ្លើមហ៊ានយកទូរស័ព្ទ ដៃថតរូបអាក្រាតកាយរបស់ខ្លួនម្នាក់ម្ដង ផ្ញើទៅឲ្យជនសង្ស័យមើលកំសាន្ដភ្នែក ។
មិនត្រឹមតែកម្សាន្ដភ្នែកម្យ៉ាងនោះទេ ជនសង្ស័យបានប្រើប្រាស់រូបអាក្រាតកាយធ្វើជា ចំណាត់ខ្មាំង តេទៅនារីរងគ្រោះទាំង២នាក់គំរាមទារប្រាក់ បើពុំដូច្នេះរូបគេ(ជនសង្ស័យ)នឹងយករូបអាក្រាតកាយនារីរងគ្រោះទាំង២នាក់ទៅបង្ហោះផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ។
ដោយសារភ័យខ្លាចកេរ្ដិ៍ខ្មាស់របស់ខ្លួន ត្រូវជនសង្ស័យបង្ហោះជាសាធារណៈ នារីរងគ្រោះទាំង២នាក់បានស្វះស្វែងរកលុយផ្ញើតាមរយៈវីងវេរលុយ និងអ៊ីម៉ាន់នីជាបន្ដបន្ទាប់ តាមការចង់បានរបស់ជនសង្ស័យ រហូតអស់ប្រាក់ដុល្លារចំនួន១៧០០ដុល្លារសហរដ្ឋ អាមេរិក និងប្រាក់រៀលចំនួន៦៤ម៉ឺនរៀល ទើបនារីរងគ្រោះលែងមានលទ្ធភាពផ្ញើឲ្យក៏ សម្រេចប្ដឹងចូលសមត្ថកិច្ចឲ្យជួយអន្ដរាគមន៍ ។
ក្រោយពីទទួលបណ្ដឹងពីនារីរងគ្រោះទាំង២នាក់ សមត្ថកិច្ចនគរបាលស្រុកកោះធំ និង នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ក្រោមបញ្ជាពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដ បានចុះសហការជា មួយនគរបាលខេត្ដតាកែវ តាមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ដ ។ ជាលទ្ធផលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្ទះភ្នាក់ងារ វីងវេរលុយនៅផ្សារអង្គរកា ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លនពិតជាបានប្រើល្បិចលួងលោមឲ្យនារីរងគ្រោះទាំង២នាក់ ថតរូបអាក្រាតកាយឲ្យខ្លួនមើល និងយករូបនេះទៅគំរាមទារប្រាក់ពីជនរងគ្រោះទាំង២នាក់ប្រាកដមែន ៕ ស្អាងជ័យ