ភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជណាចក្រកម្ពុជាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីស្នើច្បាប់មាត្រា១៨នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ។ សេចក្តីស្នើច្បាប់នេះត្រូវបានសមាជិករដ្ឋសភាចំនួន១០៨រូបនៃសមាជិក ដែលចូលរួមអនុម័ត ក្នុងសម័យប្រជុំពេញអង្គលើកទី១នីតិកាលទី៦នៃរដ្ឋសភាក្រោមអធិបតីភាពសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ។
លោក ជាម យៀប តំណាងក្រុមអ្នក តំណាងរាស្ត្រហត្ថលេខីបានលើកឡើង ក្នុងសម័យប្រជុំពេញអង្គនេះថា ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត-ក្រុង- ស្រុក-ខណ្ឌ ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨។
លោកបានបញ្ជាក់ថា បញ្ញត្តិមាត្រា១៨ នៃច្បាប់នះ បានចែងអំពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សានីមួយៗដោយផ្អែក តាមកត្តាប្រជារាស្ត្រ និងកត្តាភូមិសាស្ត្រ នៃរដ្ឋបាលដែនដីនីមួយៗ ។
លោកបន្តថា ក្នុងរយៈពេល១០ឆ្នាំកន្លង មកនេះបន្ទាប់ពីច្បាប់នេះ ចូលជាធរមាន បច្ចុប្បន្ន ស្ថានភាពប្រជាជននៅក្នុងប្រទេស កម្ពុជា មានការកើនឡើងជាលំដាប់ដែល តម្រូវឱ្យមានការលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្ដល់សេវានិងការអភិវឌ្ឍស្របពេល ដែលមុខងារនិងធនធានត្រូវបានផ្ទេរជា បន្តបន្ទាប់ ពីថ្នាក់ជាតិទៅរដ្ឋបាលថ្នាក់ក្រោម ជាតិ។
លោក ជាម យៀប បានបន្ថែមថា សេចក្តី ស្នើច្បាប់នេះ ក្នុងគោលដៅដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋតាម មូលដ្ឋាននីមួយៗ។ ទន្ទឹមនេះស្ថានភាពភូមិ សាស្ត្រក៏ត្រូវបានកែសម្រួលនិងកំណត់ឱ្យបានកាន់តែច្បាស់លាស់ ស្របតាមការអភិវឌ្ឍរីកចម្រើននៃសេដ្ឋកិច្ចនិងសង្គម ផងដែរ ។
លោកបានឱ្យដឹងទៀតថា សេចក្តីស្នើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក- ខណ្ឌ ត្រង់មាត្រា១៨គឺដើម្បីកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាខណ្ឌដែលសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញត្រូវ បានបង្កើន២១រូបទៅដល់២៧រូប ។
សមាជិកក្រុមប្រឹក្សាខេត្តត្រូវបង្កើន ចន្លោះពី១៥ដល់២៧រូប។ ចំណែកសមា ជិកក្រុមប្រឹក្សាក្រុងត្រូវបង្កើនចន្លោះពី១១ រូបដល់២១រូប។ ដោយឡែកចំពោះសមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌត្រូវបានបង្កើនចន្លោះពី១១ ដល់២១រូប ៕ ហេង សូរិយា