ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបក្រុមជនសង្ស័យចំនួន៤នាក់ ក្រោយពីកាប់ប្លន់ជនជាតិចិន

ចែករំលែក៖

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការបំបែកសំណុំរឿងនេះត្រឹមតែរយៈពេល១៣ថ្ងៃ ចាប់ខ្លួនជនសង្ស័យបានចំនួន៤នាក់ និងនៅសល់ម្នាក់ទៀត កម្លាំងកំពុងតាមចាប់បន្តទៀត។ក្រោយពីពួកគេធ្វើសកម្មភាពកាប់ប្លន់បុរសជនជាតិចិនម្នាក់បានសម្រេចរងរបួសធ្ងន់ និងប្លន់យកលុយបានចំនួន៩០០ដុល្លារ ទូរស័ព្ទ២គ្រឿង និងរបស់របរមួយចំនួន កាលពីថ្ងៃ២០ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ។

ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងនៅ​ រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ ចំណុចភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់រួមមាន៖ទី១ ឈ្មោះ ថុន វ៉ាន់ហៅបិប អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្បែរកន្លែងកើតហេតុ, ទី២ ឈ្មោះ ម៊ំ ម៉េងលី អាយុ១៩ឆ្នាំ ស្នាក់នៅជាមួយគ្នា, ទី៣ ឈ្មោះ សំបាត់ បូរិន អាយុ១៨ឆ្នាំ និងទី៤ ឈ្មោះ អាន មេសា អាយុ២០ឆ្នាំ។ ចំណែកឯជនរងគ្រោះឈ្មោះ ចៀន ហ៊ាន់ហ្វឹង អាយុ៤០ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ ឲ្យដឹងថា ប្រតិបត្តិការខាងលើនេះបានធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។ ក្រោយទទួលមានហេតុការណ៍នេះកើតឡើង និងមានបទបញ្ជាពីលោកស្នងការរួចមក, លោក ជា សុវណ្ណ អធិការរងនគរបាលខណ្ឌ បានដឹកនាំកម្លាំង បើកប្រតិបត្តិការយ៉ាងក្តៅគគុក ស្រាវជ្រាវអស់រយៈពេល១៣ថ្ងៃ ទើបកម្លាំងរបស់លោកឈានទៅដល់ការឡោមព័ទ្ធចាប់បានខ្លួនបានចំនួន៤នាក់ និងម្នាក់ទៀតកំពុងរត់គេចខ្លួន ដែលធ្លាប់ឆក់ និងប្លន់រួមគ្នាផងដែរ។

លោកបានបន្តទៀតថា​ មុនពេលកើតហេតុ វេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះបានជិះម៉ូតូកង់បី មកពីលក់ស្បែកជើងត្រឡប់មកផ្ទះជួលវិញ ស្ថិតនៅទីតាំងភូមិចាក់ជ្រូក សង្កាត់សម្រោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ខណៈមកដល់ចំណុចកើតហេតុខាងលើ មុខស្ថានីយ៍ចាក់ប្រេង លីម ឡុង ស្រាប់តែលេចមុខជនសង្ស័យមានគ្នាចំនួន៥ នាក់បានធ្វើការកាប់ប្លន់ ទៅលើជនរងគ្រោះជាច្រើនកាំបិត ប្លន់បានសម្រេចយកកាបូបស្ពាយ១ មានលុយ៩០០ដុល្លារ ទូរស័ព្ទ២គ្រឿង និងរបស់របរមួយចំនួនទៀតផងដែរ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានដឹកយកទៅព្យាបាលនៅឯមន្ទីរពេទ្យពហុព្យាបាល ចុងស៉ីង ស្ទឹងមានជ័យ ដោយសារស្ថានភាពជំងឺជនរងគ្រោះធ្ងន់ធ្ងរពេក ក៏ត្រូវបានបញ្ជូនបន្ត មកកាន់មន្ទីរពេទ្យកាល់ម៉ែតផងដែរ។

លោក បានបញ្ជាក់ថា ជនសង្ស័យ២នាក់ឈ្មោះ សំបាត់ បូរិន និង អាន មេសា បន្ទាប់ពីប្លន់ជនរងគ្រោះហើយនោះ បានមកធ្វើសកម្មភាពឆក់រាប់ភ្លេចជាមួយក្រុមបក្ខពួក៨ផ្សេងទៀត ដែលកម្លាំងឃាត់ខ្លួនបាននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ កន្លងទៅនោះ។

បច្ចុប្បន្នជនសង្ស័យទាំងបួននាក់ កម្លាំងនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដោយឡែកបក្ខពួកដែលនៅសេសសល់ម្នាក់នោះ កម្លាំងកំពុងស្រាវជ្រាវបន្តចាប់ខ្លួនឲ្យខានតែបាន៕ សុខាសែនជ័យ


ចែករំលែក៖