ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ជំរុញឲ្យមន្ដ្រី ខណ្ឌ និងមន្ទីរជំនាញសម្រុកជួសជុលផ្លូវ ស្តារលូ ស្តារប្រឡាយទាំងអស់ឲ្យបានស្អាតក្នុងរដូវប្រាំងនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យខណ្ឌ និងមន្ទីរជំនាញចំណុះឲ្យ រដ្ឋបាលរាជធានីភ្នំពេញសម្រុកលើការងារជួសជុលផ្លុវ ស្តារលូ ស្តារប្រឡាយទាំងអស់ឲ្យបានស្អាតក្នុងរដូវប្រាំងឆ្នាំ២០១៩នេះ ហើយចំពោះអ្នកលក់ដូរអាហារហូបចុក បង្កឲ្យលូស្ទះក៏នឹងមានវិធានការធ្ងន់ធ្ងរផងដែរ ។

លោកឃួង ស្រេង បានរុញបែបនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី០៣ មករាឆ្នាំ២០១៩នៅ ក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យលទ្ធផលការងារគម្រោងជួសជុលប្រព័ន្ធលូក្នុងខណ្ឌទាំង៤ កណ្តាលក្រុងក្នុងឆ្នាំ២០១៨ និងផែនការ២០១៩ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង៤ និងមន្ទីរមន្ទីរជំនាញពាក់ព័ន្ធចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្រាប់ប្រព័ន្ធលូ ប្រឡាយយើងនាពេលបច្ចុប្បន្ននេះឃើញថា រំដោះទឹកមានលក្ខណៈល្អប្រសើរហើយ ដោយពីមុនស្ទះទឹក២ថ្ងៃទើបហូរអស់ តែពេលនេះ មិនដល់មួយម៉ោងផងទឹកបានហូរអស់ពីលើផ្លូវទៅហើយ ។ ទោះបីជាយ៉ាងណាក្តីការងារនេះយើងត្រូវតែបន្តធ្វើទៀត ។

លោកបន្តថា ៖ សម្រាប់ឆ្នាំ២០១៩នេះ អភិបាលខណ្ឌ មន្ទីរជំនាញ ត្រូវសំរុកជួសជុលផ្លុវ ស្តារលូ ស្តារប្រឡាយទាំងអស់ឲ្យបានស្អាតក្នុងរដូវប្រាំងនេះ ដោយយើង មានរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះ ។ក្រៅពីការជួសជុលផ្លុវ ស្តារលូ ស្តារប្រឡាយនេះ អាជ្ញាធរខណ្ឌត្រូវចុះ ណែនាំអប់រំ ប្រជាពរដ្ឋ ពិសេសអ្នកលក់អាហារហូបចុះ ធ្វើយ៉ាងណាកុំឲ្យពួកគាត់បោះកាកសំណល់ចូលទៅក្នុងអណ្តូងលូ ។បើពួកគាត់មិនស្តាប់ត្រូវធ្វើកំណត់ហេតុ ជាលើកទី១ ជាមួយនឹងវិធានការផ្លូវច្បាប់របស់អន្តរក្រសួង តែបើពួកគាត់មិនអនុវត្តតាមទៀត ដោយនៅតែបញ្ចូលកាកសំណល់ទៅក្នុងអណ្តូងលូទៀតនោះ យើងសម្រេចបិទអាជីវកម្មលក់ដូរអាហារហូបចុកពួកគាត់តែម្តង ។

លោកឃួង ស្រេង បានសង្កត់ធ្ងន់ថា៖ ចំពោះការងារនេះរដ្ឋបាលរាជធានីភ្នំពេញ បានជម្រុញឲ្យធ្វើច្រើនលើកច្រើនសាររួចមកហើយ តែហាក់មិនមានសកម្មភាពសោះ ដូច្នេះទេ បើនៅតែមិនធ្វើ នៅឆ្នាំ២០១៩នេះ ទុកឲ្យរដ្ឋបាលរាជធានីភ្នំពេញជាអ្នកធ្វើម្តង ។

ក្នុងកិច្ចប្រជុំនោះបញ្ហាសណ្តាប់ធ្នាប់ក៏ត្រូវបានលោកឃួង ស្រេង លើកឡើងផងដែរ ដោយលោកបញ្ជាក់ថា ចាប់ពីពេលនេះទៅ ការសាងសង់រោងការ រោងបុណ្យ អាចធ្វើបានត្រឹមតែលើចិញ្ចើមផ្លូវ មិនឲ្យសាងសង់លើទ្រូងផ្លូវដាច់ខាត ហើយចំពោះរថយន្តធំចូលក្រុងវិញត្រូវតែមានវិធានកាេឲ្យបានម៉ឹងម៉ាត់ បើទោះបីការងារនេះពាក់ព័ន្ធនឹងប៉ូលីសក៏ដោយ ក្នុងនាមអាជ្ញាធរខណ្ឌត្រូវឃាត់រថយន្តធំៗទាំងនោះទុក ហើយសួរនាំឲ្យបានច្បាស់ ថាតើគោលដៅណាដែលអនុញ្ញាតិឲ្យរថយន្តទាំងនោះចូល ដើម្បីយើងមានវិធានការបន្ត៕ សំរិត


ចែករំលែក៖