គ្មានកំហុសទេ បើគ្រាន់តែឈ្មួញដឹកឈើឆ្លងកាត់មូលដ្ឋានរបស់ខ្លួននោះ ។ ប៉ុន្តែទាំងពួកមន្ត្រីជំនាញ និងសមត្ថកិច្ចដទៃយកលុយពីឈ្មួញដឹកឈើឆ្លងកាត់ដែនសមត្ថកិច្ចរបស់ខ្លួនបានយ៉ាងស្រួល ។ នោះគឺសមត្ថកិច្ចជំនាញខេត្តកំពង់ធំ យកលុយពីរថយន្តដឹកឈើបានដោយសេរី ហើយគ្មានកំហុសទៀតផង ។ ប្រភពរាយការណ៍ថា ថ្មីៗនេះ សង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង បង្ក្រាបរថយន្ត២៥កៅអីមួយគ្រឿងដឹកឈើឆ្លងកាត់ខេត្តកំពង់ធំ ។ ការចាប់រថយន្តធុនធំនេះព្រោះតែអ្នកបើកបរ ឬម្ចាស់ឈើថ្លើមធំមិនរាយការណ៍ ឬមិនទាក់ទងពួកគេជាមុន ។
ទាំងយប់ទាំងថ្ងៃ រថយន្តដឹកឈើធ្វើសកម្មភាពចេញពីខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ ដោយសេរី ។ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ក្រោមអំណាចគ្រប់គ្រងរបស់លោក ប៊ុន សុធី ដាក់កម្លាំង ចាំយកប្រាក់ពីរថយន្តដឹកឈើទាំងនោះ ។ ជាមួយនោះ ស្ថាប័នព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ ក៏លែងរស់ត្រគាក ក្នុងការបង្ក្រាបរថយន្តដឹកឈើនេះទៀតដែរ ។ ភាពស្ងៀមស្ងាត់របស់ស្ថាប័នព្រះរាជអាជ្ញា ធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យចំពោះបញ្ហានេះ ។ ដំបូងឡើយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ធ្វើការងារយ៉ាងសកម្មក្នុងការចាប់រថយន្តដឹកឈើ ។ ប៉ុន្តែឥឡូវនេះ បែរជាស្ងាត់លែងមានសកម្មភាពចាប់បង្ក្រាបទៀតហើយ ។
បទល្មើសនៃការដឹកជញ្ជូនឈើឆ្លងកាត់ខេត្តកំពង់ធំ បើមិនសុំការអនុញ្ញាតពីរដ្ឋបាលព្រៃឈើ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំទេនោះ មុខជាត្រូវប្រឈមនឹងការចាប់ថតផ្សាយទូរទស្សន៍ខ្មាស់គេជាមិនខាន ។ ក្រៅពីខ្មាស់គេ ក៏ត្រូវប្រឈមនឹងការអស់លុយកាក់ច្រើនសន្ធឹកសន្ធាប់ទៀតផង ។ ហេតុដូច្នេះហើយ ពួកឈ្មួញរកស៊ីឈើ ដែលត្រូវធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ធំ ចាំបាច់ត្រូវតែទាក់ទងជាមួយស្ថាប័នជំនាញ រួមមានរដ្ឋបាលព្រៃឈើជាចាំបាច់ និងសមត្ថកិច្ចដទៃ ក៏ដូចជាស្ថាប័នព្រះរាជអាជ្ញាផង ។ ប្រសិនបើមិនយ៉ាងដូច្នោះទេ មិនអាចរកស៊ីបានសុខស្រួលឡើយ ។
បើតាមប្រជាពលរដ្ឋរាយការណ៍ថា បទល្មើសនៃការដឹកជញ្ជូនឈើឆ្លងកាត់មូលដ្ឋានខេត្តកំពង់ធំកើតឡើងដូចស្រមោច ។ យូរៗម្តង សមត្ថកិច្ចប្រដាប់អាវុធបានចាប់បង្ក្រាបរថយន្តដឹកឈើទាំងនោះ ដើម្បីបង្ហាញថ្វីដៃ ។ វាជាការបង្ហាញថ្វីដៃព្រោះតែម្ចាស់ឈើមិនបង់ប្រាក់ ឬមិនបានទាក់ទងជាមុន ។ ពួកអ្នកដឹកឈើបាននិយាយថា មុននឹងចេញដំណើរ ត្រូវទាក់ទងមន្ត្រីរដ្ឋបាលព្រៃឈើ ក៏ដូចជាសមត្ថកិច្ចប្រដាប់អាវុធនិងស្ថាប័នតុលាការ។ រឿងលុយកាក់ ចាំគិតគ្នាបន្ទាប់ទៀត សំខាន់គឺត្រូវជូនដំណឹងឲ្យបានជាក់លាក់ពីចំនួនរថយន្ត ក៏ដូចជាបរិមាណឈើ រួមទាំងប្រភេទឈើនោះផង ៕