ព័ត៌មានទាន់ហេតុការណ៍៖

ឃាតក ដែលជាអតីតប្តី ចាក់សម្លាប់ប្តីក្រោយជនជាតិចិន របស់ប្រពន្ធ កំពុងហូបស៊ុបស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ នោះ ចាប់ខ្លួនបានហើយ

ចែករំលែក៖

ខេត្តព្រះវិហារ៖ ឃាតក ដែលជាអតីតប្តីដើម ជាមន្ត្រីយោធា បានចាក់សម្លាប់ប្តីក្រោយជនជាតិចិនរបស់ប្រពន្ធ កំពុងហូបស៊ុបជុំគ្រួសារ ផ្អើលហាងស៊ុប Family BBQ Buffet ស្លាប់ម្នាក់ របួសធ្ងន់២នាក់ ពេលនេះចាប់ខ្លួនបានហើយ។

ការឃាត់ខ្លួននេះធ្វើឡើងដោយកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកសង្គមថ្មី នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ អនុវត្តតាមបញ្ជារឧត្ដមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត សហការណ៍ជាមួយកម្លាំងជំនាញព្រហ្មទណ្ឌស្នងការដ្នាននគរបាលរាជធានីភ្នំពេញ និងព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យឈ្មោះ គង់ សល់ ភេទប្រុស អាយុ៣៧ឆ្នាំ តាមដីការតុលារាជធានីភ្នំពេញ ដែលប្រព្រឹត្តល្មើសករណីឃាតកម្ម ហើយជនសង្ស័យខាងលើនេះ បានរត់មកលាក់ខ្លួននៅលើភ្នំ ស្ថិតក្នុងភូមិសាស្រ្តស្រុកសង្គមថ្មី។

បច្ចុប្បន្ន ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានប្រគល់ជនសង្ស័យខាងលើនេះ ជូនកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធាណីភ្នំពេញ និងកម្លាំងក្រសួង ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។

គួររំលឹកថា ហេតុការណ៍ដ៏រន្ធត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧៖២០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះលេខ៧៩៣ (ហាង Family BBQ Buffet) ផ្លូវ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមមន្ត្រីអាវុធហត្ថខណ្ឌចំការមន បានឲ្យដឹងមុននេះថា បុរសជនជាតិចិន ដែលជាប្ដីក្រោយនោះ បានស្លាប់ហើយ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី។

ក្រោយពីធ្វើសកម្មភាពចាក់ទៅលើមនុស្ស៣នាក់ខាងលើ ជនដៃដល់បានដើរចេញពីហាងខាងលើ ទៅយកម៉ូតូវិញ ស្របពេលជាមួយគ្នានោះ មានភ្ញៀវ និងបុគ្គលិកក្នុងហាង បានរត់ចេញមកជួយចាប់ដែរ តែដោយសារតែឃើញកាំភ្លើងនៅជាប់ចង្កេះរបស់ជនដៃដល់នោះ ទើបមិនមានអ្នកណាហ៊ានចូលទៅឃាត់ និងចាប់ឡើយ ទើបធ្វើឲ្យជនដៃដល់ឡើងជិះម៉ូតូចេញទៅបាត់ស្រមោលតែម្ដង ហើយទើបតែត្រូវបានចាប់ខ្លួននាពេលនេះ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕


ចែករំលែក៖