ព័ត៌មានទាន់ហេតុការណ៍៖

សិស្សប៊ែលធី “និទ្ទេស A” ៤២ ​រូប ចែករំលែកបទពិសោធន៍ដល់សិស្សថ្នាក់ទី១២ ឆ្នាំសិក្សាថ្មី

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មពិធីសំណេះសំណាល និងចែក រំ​លែក​​​បទ ពិសោធន៍ការសិក្សារបស់សិស្សប៊ែលធីនិន្ទេស A ចំនួន ៤២រូប ជូនដល់សិស្សថ្នាក់ទី១២ ដែលនឹងត្រូវ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សាថ្មី២០១៨-២០១៩ នេះ ចំនួន ១,៤១៥នាក់ ក្រោម​អធិបតីភាព​ ឯកឧត្តម​​ បណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប និង និងលោកជំទាវ។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានឲ្យដឹងថា៖​ បច្ចុប្បន្ននេះ សាលា ប៊ែលធី​អន្តរជាតិ មាន ២២ សាខា​​ ក្នុងនោះ ១៩សាខា កំពុងដំណើរការនិង ០៣សាខាកំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា ៤១.៤៥១នាក់។ ក្នុងឆ្នាំសិក្សា២០១៧-២០១៨កន្លងមកនេះ សិស្សប៊ែលធីដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយជ្រើសរើសយក ការប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន​ ១.០៣៤នាក់ ក្នុងនោះ និទ្ទេស A ៤២នាក់(និទ្ទេស A លេខ២ ទូទាំងប្រទេស) និទ្ទេស B ១២៥នាក់ និទ្ទេស C ១៦៨នាក់និទ្ទេស D ២០៤នាក់ និងនិទ្ទេស E ៤៩៦នាក់។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប បានកោតសរសើរចំពោះ សិស្សនិទ្ទេសA ទាំង ៤២រូប និងសិស្សជ័យលាភីទាំងអស់ ដែលបាន ខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យនាពេលនេះ។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានផ្តល់​ឱកាស និងជំរុញ​ឲ្យកូនៗបានសិក្សាបន្ថែមនៅផ្ទះ និង គោរពវិន័យសាលាបានល្អ។លើសពីនេះទៀត ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរចំពោះ សិស្សប៊ែលធីថ្នាក់ទី១២ ដែលរក្សាបាន ជើងឯកលេខ១ និងលេខ២ ទូទាំងប្រទេសជាប់ៗគ្នា រយៈពេល ០៤ឆ្នាំចុង​ក្រោយ​នេះ៖​
១-ឆ្នាំ២០១៨នេះ សិស្ស ប៉េង គីមហេង ប្រឡងជាប់ និទ្ទេស A លេខ២ ទូទាំងប្រទេស
២-ឆ្នាំ២០១៧ សិស្ស ស គីមស៊ា ប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេស
៣-ឆ្នាំ២០១៦ សិស្ស កាំង ស៊ីញលី ប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេស
៤-ឆ្នាំ២០១៥ សិស្ស សេង ហ្គេចលី ប្រឡងជាប់ និទ្ទេស A លេខ២ ទូទាំងប្រទេស
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត អគ្គនាយក និងលោកជំទាវ បានប្រគល់លិខិតសរសើរ និងអាហារូបករណ៍ឧកញ៉ា លី ឆេង សិក្សាថ្នាក់បរិញ្ញាបត្រ ១០០% ជូនដល់សិស្សនិទ្ទេស A ទាំង ៤២រូប ដែលត្រូវទៅបន្តការសិក្សាឯក្រៅប្រទេស ដូចជា សហរដ្ឋអាមេរិក សិង្ហបុរី ថៃ ចិន ជប៉ុន និងប្រទេសកាណាដា ព្រមទាំង ឧបត្ថម្ភ​​​ថវិកា​សម្រាប់ការ ចំណាយផ្សេងៗក្នុងម្នាក់ៗ ២,០០០ដុល្លារ។ ដោយឡែកសិស្សនិទ្ទេស A លេខ២ ទូទាំងប្រទេស ប៉េង គីមហេង ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភថវិកា ៥,០០០ដុល្លារ សម្រាប់ឆ្នាំដំបូង និង៥,០០០ដុល្លារ សម្រាប់ឆ្នាំបន្តបន្ទាប់ រហូតដល់​បញ្ចប់​ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិក។ ជាមួយ​គ្នា​នេះ​ដែរ លោ​កគ្រូ-អ្នកគ្រូថ្នាក់ទី១២ ដែលបង្រៀនសិស្សជាប់និទ្ទេសA ក៏ទទួលបានលិខិតសរសើរ និងថវិកា​លើកទឹកចិត្តក្នុងម្នាក់ៗ ១០០ដុល្លារ ផងដែរ៕​សរស្មី

 

 


ចែករំលែក៖