ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីពីរនាក់បបួលគ្នាយកស្បៃមុងទៅអូសត្រី ស្រាប់តែលង់ទឹកទាំងអស់គ្នាស្លាប់ម្នាក់ រួចជីវិតម្នាក់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ស្រ្តីម្នាក់បានលង់ទឹកស្លាប់ ខណៈដែលបបួលគ្នាស្រីៗពីរនាក់យកស្បៃមុងទៅអូសត្រី យកមកធ្វើម្ហូបប្រចាំថ្ងៃ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ២និង២០នាទីរសៀល ថ្ងៃសុក្រ ១៣ រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព. ស ២៥៦២ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្រោយបន្ទាយកងអនុសេនាធំទី២ស្ថិតនៅក្នុងភូមិអូរអាមឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។

ប្រភពថា ស្រ្តីជនរងគ្រោះដែលលង់ទឹកស្លាប់នោះឈ្មោះវិត អាយុជាង៣០ឆ្នាំ ជនជាតិខ្មែររស់នៅភូមិឃុំកើតហេតុខាងលើ។

មុនកើតហេតុគេបានឃើញស្ត្រីទាំងពីរនាក់បានកាន់ស្បៃមុខទៅរកត្រីទុកសម្រាប់ធ្វើម្ហូប លុះក្រោយមកបានទទួលដំណឹងថា ស្ត្រីម្នាក់ក្នុងចំណោមពីរនាក់នោះត្រូវបានលង់ទឹក ស្លាប់បាត់ហើយ។

ប្រភពដដែលថា មុនពេល ជនរងគ្រោះបានស្លាប់ ស្រីម្នាក់ទៀត ក៏បានលង់ទឹកនោះដែរ ប៉ុន្តែស្ត្រីរូបនោះបានប្រវេប្រវាឡើងចេញពីក្នុងទឹក ផុតពីការស្លាប់។

ខណៈដែលឃើញស្ត្រីម្នាក់លង់ទឹកហើយឡើងមកវិញបានរួចនោះ ក៏ស្ត្រីម្នាក់ទៀតដែលជាជនរងគ្រោះលង់ស្លាប់ក៏បានចុះទៅម្តងតែអកុសល្យដោយសារទឹកមានសភាព ជ្រៅពេកក៏បណ្ដាលឱ្យលង់ទឹករហូតដល់ស្លាប់ភ្លាមៗតែម្តងមួយរំពេច។

ក្រោយពេលស្រងបានជនរងគ្រោះភ្លាមៗពីការលង់ទឹកខាងលើក៏ត្រូវបានបញ្ជូនមកកាន់មណ្ឌលសុខភាព អូរអាមដែរដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែជាអកុសល ស្ត្រីខាងលើបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចមូលដ្ឋាន ដែលរួមមានកងរាជអាវុធហត្ថ នគរបាល យោធា រួមទាំងក្រុមគ្រូពេទ្យ បានចុះពិនិត្យស្ថានភាពជាក់ស្តែងកន្លែងកើតហេតុថាស្ត្រីរូបនោះពិតជាបានលង់ទឹកស្លាប់ប្រាកដមែនពុំមានពាក់ព័ន្ធនិងអំពើឃាតកម្មនោះឡើយ។

ក្រោយពីសមត្ថកិច្ចពិនិត្យសពរួចក៏បានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានផងដែរ៕ ជីវ័ន្ត


ចែករំលែក៖