ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលបុករថយន្តកូរ៉េពីក្រោយ បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម័ កាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខយក្សាបោកអ៊ុត តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងទិសដៅជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកយ៉ាម៉ាហា ស៊ីរ៉ូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS 2977 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ក៏ជ្រុលបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ភ្លាមនោះរថយន្តក៏បន្តដំណើរទៅបាត់។
ក្រោយកើតហេតុសពត្រូវបានយកទៅតម្កល់ទុកនៅនៅវត្តទឹកថ្លា ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ៕ សុខាសែនជ័យ