ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋជាច្រើននាក់បានមកឈរមុខសាលាដំបូងខេត្ត ដើម្បីគាំទ្រហ៊ុង ស្រីនាង ដែលតុលាការខេត្តហៅមកសាកសួរ តាមបណ្តឹងលោកមិល ពិសី តំណាងក្រុមហ៊ុន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោកមិល ពិសី ចោទប្រជាពលរដ្ឋថាមកសាងសង់ លំនៅឋានអនាធិបតេយ្យ ជាង៣០ខ្នងផ្ទះ ស្មើ៣០គ្រួសារ លើដីរបស់ក្រុមហ៊ុន ម៉ុង រឹទ្ធីគ្រុប ដែលមានប្រវែង៣០០ម៉ែត្រក្បាល តាមបណ្តោយផ្លូវជាតិលេខ៧ ដែលមានប្លង់ត្រឹមត្រូវ តាមច្បាប់រួចមកហើយ ដោយមានការប្រាប់ និងនិយាយសម្របសម្រួលហើយ តែខាងពលរដ្ឋពួកគាត់ ចោទលោកមិល ពិសី ថាទុកជាកម្មសិទ្ធិខ្លួន មិនមែនដីក្រុមហ៊ុនទៀតនោះទេ ព្រោះពួកគាត់ឃើញគេយកស្លាកមកវៃ ដាក់ថា ជាដីបម្រុងរដ្ឋ ទើបពួកគាត់មកចាប់ធ្វើធ្វើផ្ទះនៅ តែផ្ទុយទៅវិញ លោកមិល ពិសី បែរជាឃុបឃិតគ្នាជាប្រព័ន្ធ ខ្ចីដៃ អាជ្ញាធរ សង្កាត់ និងក្រុង ដើម្បីដេញពួកគាត់ ចេញដើម្បីជាប្រយោជន៍ រួចថែមទាំងដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្ត ទាំងបំពារ បំពាន ក្នុងគោលបំណងធ្វើឲ្យបំបាក់ស្មារតីពលរដ្ឋ កុំឲ្យចះតែហ៊ាន ទើបពួកគាត់នាំគ្នាមកឈរមុខ តុលាការ ដើម្បីគាំទ្ររង់ចាំមើលហ៊ុង ស្រីនាង ចេញពីតុលាមកវិញ ទើបពួកគាត់នាំគ្នាត្រឡប់ទៅវិញ ។

ប្រជាពលរដ្ឋពួកគាត់យល់ថា ជាដីរបស់ក្រុមហ៊ុនពីមុន តែក្រោយមកត្រូវបានកាត់ផ្ទេរប្រគល់ ឲ្យទៅរដ្ឋវិញអស់ហើយ ដោយពួកគាត់មិនឃើញខាងក្រុមហ៊ុន ធ្វើអ្វីសោះ ទើបពួកគាត់នាំគ្នាមកសាងសង់់លំនៅឋាន រស់នៅ ព្រោះតែពួកគាត់គ្មានដីសម្រាប់សង់លំនៅឋាន និងប្រកបរបរកសិកម្មផងនោះ ដែលស្ថិតនៅចំណុចជិតផ្លូវបំបែកដុងក្រឡ រិទ្ធិសែនជ័យ ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

តាមប្រភពពីប្រជាពលរដ្ឋដែលមកសាងសង់លើដីចំណុចខាងលើ ពួកគាត់បានលើកឡើងថា ដោយពួកគាត់បានឃើញដីនៅទីនោះទំនេរ គ្មានឃើញខាងណាគេធ្វើអ្វីនោះដែរ ហើយម្យ៉ាងទៀត ឮថាដីនេះ ខាងក្រុមហ៊ុន ម៉ុង រឹទ្ធី គ្រុប បានកាត់ និងផ្ទេរសិទ្ធិទៅឲ្យរដ្ឋវិញហើយ ទើបពួកគាត់នាំគ្នាមកធ្វើលំនៅឋានរស់នៅ ព្រោះពួកគាត់គ្មានដីសម្រាប់សង់លំនៅឋាន និងប្រកបរបរកសិកម្មបន្តិចបន្តួច គ្រាន់ដោះទាល់ជីវភាពម្តងម្កាល ហើយម្យ៉ាងទៀត លោកមិល ពិសី ក៏ធ្លាប់បានលក់ដី ឲ្យពួកគាត់ដែរ តែចុងក្រោយមក ដីក៏មិនបាន លុយក៏មិនបានមកវិញដែរ ដូច្នេះទើបពួកគាត់សម្រេច មកយកដីខាងលើនេះ នៅជាប់ នឹងបណ្តោយផ្លូវជាតិលេខ៧នេះ ចែកគ្នាម្នាក់ ៥.៧.១០ម៉ែត្រក្បាល និងបណ្តោយ៥០ម៉ែត្រ សង់ផ្ទះនៅទៅ ព្រោះសំអាងថា ជាដីរបស់រដ្ឋ ។

ប្រភពដដែលបានបន្តថា ព្រោះតែពួកគាត់អត់ដីធ្វើផ្ទះរស់នៅ ហើយអាងថា ជាដីរដ្ឋផងនោះ ទើបពួកគាត់មកសាងសង់លើដីនេះ តែក្រោយមកទើបចេញមុខលោកមេភូមិ និងសន្តិសុខរបស់លោកមិល ពិសី មកប្រាប់ឲ្យឈប់ធ្វើទៅនេះជាដីរបស់ លោកឧកញ៉ា (ម៉ុង រឹទ្ធី គ្រុប) ជាដីរបស់ក្រុមហ៊ុនទេ មានច្បាប់ទម្លាប់ត្រឹមត្រូវ មិនឲ្យធ្វើបន្តទៀតនោះទេ តែគ្មានអ្នកណាមកឃាត់ទៀតនោះដែរ ទើបពួកគាត់ធ្វើបន្តទៅទៀត ព្រោះអាងថា ជាដីរដ្ឋ ហើយជាដីវាលស្រឡះស្រាប់នោះក៏មិនមែនដីព្រៃនោះដែរ តែក្រោយមកទៀតស្រាប់តែឮថា លោកមិល ពិសី នេះបានប្តឹងទៅសាលាដំបូងខេត្ត បែរជាប្តឹងឈ្មោះហេង ស្រីនាងរួមនិងបងរបស់គាត់ថា ជាមេបះបោរមានដីច្រើនកន្លែងទៀត ហើយគៀងគរពួកគាត់មកចាប់ដីធ្វើផ្ទះ អនាធិបតេយ្យលើដីក្រុមហ៊ុនទៅវិញ តើនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ នេះអ្នកទាំងពីរបានមកបំភ្លឺតាមដីកាកោះ របស់តុលាការខេត្ត រួចបានបញ្ចប់នៅម៉ោង១១ជាង ព្រឹកថ្ងៃខែដដែល ដោយសុវត្ថិភាព ។

អ្នកស្រីហ៊ុង ស្រីនាង បានបញ្ជាក់ថា មានឈ្មោះជាច្រើននាក់ទៀត ដែលលោកមិល ពិសី បានប្តឹង មកតុលាការ ហើយតុលាការ នឹងអាចកោះហៅបន្តបន្ទាប់ទៀត ឬយ៉ាងណានោះ ក៏ស្រីនាង គាត់អត់ដឹងដែរ តែគាត់(ហ៊ុង ស្រីនាង) បានលើកដៃសំពះអង្វរដល់លោកឧកញ៉ាម៉ុង រឹទ្ធី គ្រុប មេត្តាជួយដោះស្រាយ និងសម្រួល ដីនៅទីនោះឲ្យពួកគាត់រស់នៅជាកម្មសិទ្ធិផង បានត្រឹមក្បាលដី ខ្លះ៥.ខ្លះ៧.ខ្លះ១០ម៉ែត្រ និងជម្រៅ៣០ទៅ៥០ម៉ែត្រផង ព្រោះគាត់អត់ដីនៅពិតប្រាកដមែន និងជាពិសេសលោកអភិបាលនៃគណៈអភិបាលខេត្ត មេត្តាជួយដោះស្រាយ និងសម្រួលដល់ពួកគាត់ឲ្យមានដីសម្រាប់សង់លំនៅឋានផងចុះ ។

ជុំវិញរឿងនេះលោកមិល ពិសី បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះថាៈ បញ្ហានេះ លោកក៏បានឲ្យលោកសុខ គឹមសេន មេភូមិឧបសម្ព័ន្ធ រឹទ្ធិសែនជ័យ និងសន្តិសុខទៅឃាត់ និងប្រាប់ថា ឲ្យពួកគាត់ឈប់យល់ច្រឡំថាជាដីរដ្ឋ ឬជាដីឯកជនរបស់ខ្ញុំអី នេះរបស់លោកឧកញ៉ា ម៉ុងរឹទ្ធីទេ គាត់មានច្បាប់ និងប្លង់ត្រឹមត្រូវ តែពួកគាត់នៅតែមិនបញ្ឈប់ នៅតែបន្តនាំគ្នា មកសាងសង់លើដីនេះ ជាបន្តបន្ទាប់ ទើបគាត់សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសាលាដំបូង ដោះស្រាយតាមច្បាប់ទៅ ។

លោកបន្តទៀតថា ប្រជាពលរដ្ឋទាំងអស់ដែលមកសាងសង់ផ្ទះនេះ មានប្រហែលជាង៣០គ្រួសារ ដែលពួកគេហ៊ានមកសាងសង់លើដីខាងលើនេះ ក៏ព្រោះមានមេខ្លោងដឹកនាំ ទើបពួកទាំងនោះហ៊ាន ។
លោកបញ្ជាក់ថា មេខ្លោងនោះ លោកក៏មិនអាចនិយាយបានទេ ទុកឲ្យច្បាប់គេជាអ្នករកចុះ មានភ្លើង ទើបមានផ្សែង ហើយលោកក៏មិនដឹងថា ខាងសាលាដំបូងនោះគេ ចាត់ការ ឬកោះហៅពេលណានោះទេ ទើបតែដឹងថា តុលាកាកោះហៅពីរអ្នក នៅថ្ងៃទី៤ ខែមករានេះ តែលោកមិនដឹងឈ្មោះអី នោះទេ ទើបតែឮ និងឃើញព័ត៌មានចុះផ្សាយព្រឹកមិញនេះដែរ ។

សូមបញ្ជាក់ថា បញ្ហាដីរបស់ក្រុមហ៊ុន (ម៉ុង រឹទ្ធី គ្រុប) និងដីរដ្ឋ រវាងពលរដ្ឋ៦៨គ្រួសារ តើអាជ្ញាធរក្រុង សម្រេចដោះស្រាយយ៉ាងណា ដើម្បីបញ្ចប់បញ្ហា តើដីណាជាបស់ក្រុមហ៊ុន តើដីណាជាដីរបស់រដ្ឋ ប្រហែលជាអាចមានត្រីងៀតឆ្លៀតពង ត្រីជាប់មងឆ្លៀតបណ្តើកូនហើយមើលទៅ ទើបអាជ្ញាធរសង្កាត់ និងក្រុង និងក្រុមហ៊ុន ដែលមានលោកមិល ពិសី ជាមេការដំណាងឲ្យក្រុមហ៊ុន (ម៉ុងរឹទ្ធីគ្រុប) ដើម្បីយកដីខាងលើនេះមកបែងចែកជាឡូត៍ ទុកចែកគ្នាហើយមើលទៅ រហូតដល់ថ្នាក់ខាងតំណាងក្រុមហ៊ុន ដាក់បណ្តឹងទៅតុលាកាខេត្តចាត់ការ ប្តឹងប្រជាពលរដ្ឋតាមផ្លូវច្បាប់ យកតុលាការមកបំភិតបំភ័យពួកគាត់ឲ្យខ្លាចរអា តើតុលាកាដោះស្រាយយ៉ាងណាចំពោះ ម្ខាងក្រុមហ៊ុន ម្ខាងពលរដ្ឋ តើដីណារបស់ក្រុមហ៊ុន តើដីណារបស់រដ្ឋ ឬជាដីកម្មសិទ្ធិឯកជនឲ្យប្រាកដ ដែលអាជ្ញាធរធ្លាប់មកសម្របសម្រួល និងដោះស្រាយជាច្រើនលើកច្រើនសារហើយនោះ តើអាជ្ញាធរអស់លទ្ធភាព ឬក៏អសមត្ថភាព ទើបឲ្យបុគ្គល់ឈ្មោះមិល ពិសី នេះ យកឈ្មោះដើរតួអង្គថា ជាដីរបស់ក្រុមហ៊ុន ម៉ុងរឹទ្ធី គ្រុប ឬជាដីរដ្ឋ ឲ្យប្រាកដ មានតែលោកឧកញ៉ាទេ ទើបដឹងច្បាស់ ថាត្រឹមណាជាដីរបស់លោកឧកញ៉ា ហើយត្រឹមណា ដែលកាត់ដីប្រគល់ជូនទៅឲ្យរដ្ឋវិញ ដោយសារពួកគាត់មើលឃើញមាន គេយកស្លាកមកដាក់នៅចំណុចដីខាងលើថាៈ ជាដីបម្រុងរដ្ឋ ហើយពួកគាត់មានជីវភាពខ្វះខាត់ អត់ដីសង់លំនៅឋានផង ៕ មាស សុផាត


ចែករំលែក៖