សៀមរាប៖ ជនសង្ស័យ២នាក់ដែលបានធ្វើសកម្មភាពប្លន់យកម៉ូតូម៉ាកហុងដាស្គូពី ស៊េរីឆ្នាំ២០១៨ ពីស្ត្រីមានផ្ទៃពោះមញនាក់ កាលពីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ពេលនេះត្រូវបានសមត្ថកិច្ចស្រាចជ្រាវដឹងនិងចាប់ខ្លួនបានហើយ ខណ:ដែលជនសង្ស័យទាំងនេះបានយកម៉ូតូដែលប្លន់បានពីស្ត្រីរងគ្រោះ យកទៅជិះធ្វើសកម្មភាពឆក់កាបូបពីស្ត្រីជនជាតិបារាំង ដែលកំពុងធ្វើដំណើរតាមដងផ្លូវនោះ។
សមត្ថកិច្ចបានឲ្យដឹងថាករណីប្លន់យកម៉ូតូពីស្ត្រីមានផ្ទៃពោះ ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវតាសាម ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ជនរងគ្រោះមានឈ្មោះ សាន់ ស៊ុនធារី ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៨ ស្លាកលេខ សៀមរាប 1AA-9916 ហើយនៅក្នុងកែបម៉ូតូមាន ទូរសព្ទដៃ២គ្រឿងរួមមានម៉ាកiPhone6 ,ម៉ាកណូគាចុចពិល រួមនឹងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក។
ជនសង្ស័យឃាត់ខ្លួនបានទី១មានឈ្មោះ សាវិន វណ្ណារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប និងជនសង្ស័យទី២ឈ្មោះ យ៉េប អារ៉ូហ្វីន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន រស់នៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ក្រោយពីជនសង្ស័យបានប្លន់យកម៉ូតូពីស្ត្រីមានផ្ទៃពោះបានសម្រេច ហើយយកម៉ូតូនេះទៅជិះធ្វើសកម្មភាពឆក់កាបូបពីស្ត្រីជនជាតិបារាំង ឈ្មោះ MULIEL SERRADELL អាយុ៦២ឆ្នាំ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្សារដីហុយ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក – ខេត្តសៀមរាប ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានដកហូតបានកាបូបនោះមានទូរស័ព្ទម៉ាកស៊ាំសុង១គ្រឿង , លិខិតឆ្លងដែន១ ,ប្រាក់អឺរ៉ូ ៣០០អឺរ៉ូ ,ប្រាក់កូរ៉េ១១០០០វ៉ុន , ប្រាក់ដុល្លារ៤០ដុល្លារ និងម៉ូតូរបស់ស្ត្រីរងគ្រោះដែលមានផ្ទៃពោះរួចបានប្រគល់ឲ្យជនរងគ្រោះវិញ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ ក៏សារភាពថា យកម៉ូតូដែលប្លន់បានពីស្ត្រីមានផ្ទៃពោះនោះពួកគេជិយកទៅឆក់កាបូបស្ត្រីជនជាតិបារាំងនោះមែន ៕ សហការី