ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ត បានចុះត្រួតពិនិត្យការដ្ឋានសាងសង់ទីលានបាល់ទាត់របស់សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ នៅចំណុចខាងក្រោយបរិវេណវិទ្យាល័យខ្លាកូនថ្មី ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលផ្តួចផ្តើមសាងសង់ និងរៀបចំដោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។
ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានចាត់ចែងជួសជុលអាគារ ០១ខ្នង ០៥បន្ទប់ សម្រាប់ កីឡាករស្នាក់នៅ (ជួសជុលដំបូល លាបថ្នាំនិងក្រាលឥដ្ឋការ៉ូ)និងសិក្សាគម្រោងសាងសង់បន្ទប់ទឹកថ្មីសម្រាប់កីឡាករប្រើប្រាសផងដែរ ។
ចំពោះការសាងសង់ទីលានបាល់ទាត់នេះគឺជាគោលការណ៍របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាតម្រូវឲ្យមានគ្រប់ទូទាំង២៥រាជធានី-ខេត្ត ដែលជាសាលាតម្រង់ទិសសម្រាប់កីឡាករបាល់ទាត់ U-១៥ និង U-១៧ ធ្វើការហ្វឹកហាត់ដើម្បីឈានទៅចូលរួមប្រកួតក្នុងកម្មវិធីស៊ីហ្គេម នាឆ្នាំ ២០២៣ ដែលកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាស៊ីហ្គេមនាពេលខាងមុខនេះ ៕