ព័ត៌មានទាន់ហេតុការណ៍៖

បុកបន្តកន្ទុយគ្នាទៀតហើយ នៅជិតយាយម៉ៅពេជ្រនិល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ រថយន្ត៣គ្រឿង បានបុកបន្តកន្ទុយគ្នា បណ្តាលឲ្យមានអ្នករបួសធ្ងន់ ស្រាល៤នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើង កាលពីថ្ងៃសៅរ៍ ១៤រោច ខែមិគ្គសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ត្រូវ នឹងថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៩វេលាម៉ោង១៤និង១០នាទីលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៦ លេខ១០៧ ចំណុចអូរគគី ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿង ម៉ាកហ្វ៊ុយសូ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A1122 កន្ទុយរ៉ឺម៉កស្លាកលេខ ព្រះសីហនុ 4A1237 មកពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើបានបុកគូថ រថយន្តមួយគ្រឿងម៉ាកហុីយន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A6760 បើកបរដោយឈ្មោះ ឡាយ សុភាន់ ភេទ ប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលខូចចតទុកលើថ្នល់កៅស៊ូខាងស្តាំដៃក្បាលទៅទិសខាងលិច ហើយរថយន្តម៉ាកហ្វុយសូនេះ ក៏ជ្រុលចង្កូតរេមកគន្លងផ្លូវខាងឆ្វេងដៃ ទៅបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាក សុីណា ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2C8818 បើកបរដោយឈ្មោះ សុខ លៀប ភេទ ប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅខេត្តព្រះសីហនុ មកពីទិសខាងលិចទៅទិសខាងកើត បណ្តាលឲ្យ អ្នកបើកបររថយន្តម៉ាកសុីណារងរបួសស្រាល និងអ្នកជិះ ១ ឈ្មោះ Su Hang ភេទ ប្រុស អាយុ២៧ឆ្នាំជាជនជាតិចិន រងរបួសធ្ងន់, ២ ឈ្មោះហង់ សារិទ្ធ ភេទ ប្រុស អាយុ៥១ឆ្នាំមានទីលំនៅ ភូមិទន្លាប់ ឃុំទន្លាប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំរងរបួសធ្ងន់, ៣ ឈ្មោះអូន រ៉ូ ភេទ ប្រុស អាយុ៤០ឆ្នាំមានទីលំនៅ ភូមិបេង ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង របួសធ្ងន់, ៤ ឈ្មោះសុខ សុវ៉ាន់ ភេទ ប្រុស អាយុ២៣ឆ្នាំមានទីលំនៅ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុរងរបួសធ្ងន់ ចំណែកអ្នកបើកបររថយន្តម៉ាកហ្វ៊ុយសូ បានចុះរត់គេចខ្លួនបាត់ ហើយអ្នកបើកបររថយន្តដែលរត់គេចខ្លួនមានឈ្មោះ ស ចាន់ធី នៅក្រុមហ៊ុន HLH ។

សមត្ថកិច្ចបានបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ ។ បើហួសតែ៣០ម៉ែត្រទៀតចូលដល់ដីខេត្តព្រះសីហនុបាត់ទៅហើយ ។ ចំពោះរថយន្តដែលខូចខាតមានចំនួន3គ្រឿង ៕


ចែករំលែក៖