ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសាររថយន្តមួយគ្រឿមិនចាំស្លាកលេខ បើកបុកម៉ូតូ ខណៈជនរងគ្រោះកំពុងជិះម៉ូតូឌុបគ្នា ឆ្លងផ្លូវ ក្រោយកើតហេតុរថយន្តបង្កបើករត់គេចខ្លួនបាត់ ។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយកែងនិងផ្លូវឧកញ្ញាម៉ុងរិទ្ធី ចំណុចប៉ុស្តិ៍២៤ម៉ោង ក្នុងសង្កាត់ភ្នំពរញថ្មី ខណ្ឌសែនសុខ ។

សពជនរងគ្រោះ (ស្លាប់) ឈ្មោះតាន់ សុទាន់ អាយុ២៧ឆ្នាំ មានស្រុកកំណើត ភូមិរកា សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំជាអ្នកឌុប ចំណែកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេ បានរងរបួសធ្ងន់ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីស្មាស់វី ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ធំ1l-4462 ធ្វើដំណើរតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុបំរុងបត់ឆ្វេងដៃទៅផ្លូវភ្នំពេញហាណូយស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកម៉ាស្តារមិនចាំស្លាកលេខបានធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពីត្បូងទៅជើងបុកម៉ូតូពេញទំហឹងបណ្តាលឲ្យជនរងគ្រោះប៉ើងប្រមាណជា១០ម៉ែត្របែកក្បាលស្លាប់នៅនិងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ហើយរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់យកម៉ូតូទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគតបាលខណ្ឌសែនសុខរងចាំសាច់ញាតិ យកឯកសារមកផ្ទៀងផ្ទាត់ ដើម្បីយកត្រឡប់ទៅផ្ទះវិញ ។

រីឯសពជនរងគ្រោះសមត្ថិកច្ច ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖