ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដមួយគ្រឿងបើកមិនប្រកាន់ស្ដាំត្រូវម៉ូតូមួយគ្រឿងបើកបុកបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈបើកម៉ូតូបុកជាមួយរថយន្ដមួយគ្រឿង បើកបរដោយល្បឿនលឿន និងមិនប្រកាន់ស្ដាំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២០និង៥០នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ លើផ្លូវលេខ១២៩ ស្ថិតនៅក្នុងភូមិ ព្រែកបិ ឃុំកោះធំ ( ខ ) ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ថន ហូយ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិកំពង់សំបួរលើ ឃុំ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1R -8835 ។ ចំណែករថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 2O-0562 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដបង្កម៉ាកហ៊ីយ៉ាន់ដាយ ខាងលើធ្វើដំណើរតាមបណ្ដោយផ្លូវ លេខ១២៩ ក្នុងទិសដៅពីកើតទៅលិច ដោយល្បឿនលឿនដួចហោះ លុះមកដល់ចំណុចកើតហេតុ រថយន្ដខាងលើ បានរេចង្កូតទៅឆ្វេង ខណៈនោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម បើកបរដោយជនរងគ្រោះខាងលើ ធ្វើដំណើរក្នុងទិដៅច្រាស់គ្នា ក៏បានបុករថយន្ដចំកង់ផ្នែកខាងក្រោយ ចំហៀងខាងស្ដាំពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូបោកក្បាលទៅនឹងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯរថយន្ដក្រោយពីមានហេតុការណ៍កើតឡើង អ្នកបើកបររថយន្ដបានបើករត់គេចចំងាយប្រហែល៣គីឡូម៉ែត្រ បានទុករថយន្ដចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីសមត្ថកិច្ចនគរបាលចរាចរណ៍បានទទួលព័ត៌ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ភ្លាមនោះក៏ចុះមកកន្លែងកើតុ រួចពិនិត្យនិងវាស់វែង បញ្ជាក់ថា ករណីខាងលើនេះ គឺបង្កឡើងដោយរថយន្ដ បើកបរលើសល្បឿនកំណត់ និងមិនប្រកាន់ស្ដាំ ទើបបានជាម៉ូតូជនរងគ្រោះបើកបុក បណ្ដាលឲ្យស្លាប់បែបនេះ ។

ក្រោយពីវាស់វែងរួច សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយពាក់ព័ន្ធ ត្រូវបាននគរបាលជំនាញកសាងឯកសារដកហូតយកកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ


ចែករំលែក៖