ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 1 និង 30 នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី 7 ខែមករាឆ្នាំ 2019 នៅលើកំណាត់ផ្លូវជាតិលេខ 1 ក្នុងភូមិទួលអំពិលសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះអ្នកស្លាប់ និងអ្នករបួសមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់បានប្រាប់ឲ្យដឹងថា ដំបូងឡើយគេឃើញម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AG.4430ជិះគ្នា 2 នាក់តាមបណ្ដោយផ្លូវជាតិលេខ 1 ទិសដៅពីលិចទៅកើតយ៉ាងលឿន ខណៈ មកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតមកឆ្វេងដៃបុកជាមួយនឹងរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង ដែលជិះតាមបណ្តោយផ្លូវជាតិលេខ1 ទឹសដៅពីរកើតទៅលិច បញ្រ្ចាស់ទឹសគ្នា បណ្ដាលឲ្យបុរសម្នាក់ជាអ្នកបើក បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតដែលជិះពីក្រោយរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។ ម៉ូតូរបស់ជនរងគ្រោះរងការខូចខាតផ្នែកខាងមុខឡើងរួញ និងដាច់ក ម៉ូតូ ។ ចំណែករថយន្តបានបើករត់បាត់ស្រមោល ។
ក្រោយពីកើតហេតុសមត្ថកិច្ច មូលដ្ឋានចុះមកដល់កន្លែងកើតហេតុហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៏ខណ្ឌច្បារអំពៅមកវាស់វែងយកម៉ូតូទៅរក្សាទុក និងអោយអ្នកដឹកសពយកសពទៅតម្កល់នៅវត្តទឹកថ្លារងចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ