ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបានបុកគ្នានៅផ្លូវ៦០ម៉ែត្រពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ ​៖ យ៉ាងហោចណាស់​ បុរសនិងនារីពីរនាក់បានរងរបួសធ្ងន់ និងបុរសម្នាក់ទៀតបានស្លាប់​នៅលើរថយន្តសង្គ្រោះបន្ទាន់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងម៉ាក​ Waveជិះគ្នាពីរនាក់ត្រូវបានបុរសម្នាក់ជិះម៉ូតូធំមួយគ្រឿងទៀត ក្នុងល្បឿនយ៉ាងលឿន​ ហើយទៅចំពីមុខពេញទំហឹង កាលពីវេលាម៉ោង០៩:១៥នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់​មហាវិថីសម្ដេចតេជោ (ហៅផ្លូវ៦០ម៉ែត្រ​)​ ស្ថិតក្នុងភូមិព្រែកតាគង់​ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ ពុំមានអ្នកណាម្នាក់បានដឹងច្បាស់ថាភាគីទាំងសងខាងធ្វើដំណើរមកពីណាខ្លះនោះទេ​ ព្រោះគ្រាន់តែលឺ​ប្រាវ ប្រជាពលរដ្ឋ​ក៏រត់ចេញទៅមើលឃើញ ម៉ូតូទាំងពីរគ្រឿង ដួលនៅហ្នឹងកន្លែងកើតហេតុរួចហើយ ដោយឃើញភាគីខាងម៉ូតូ ម៉ាក​ Honda Wave ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1FC-5378​ ជិះឌុបគ្នាពីរនាក់(បុរសម្នាក់នារីម្នាក់)​ និងម្ខាងទៀតម៉ូតូធំម៉ាក YAMAHA XT ពាក់ស្លាកលេខភ្នំពេញ​ 1GV-6048 ជិះដោយបុរសម្នាក់ជាសន្តិសុខ ក្រុមហ៊ុន​ឯកជន​ ។ ហើយភាគីទាំងសងខាង​បានផ្លោងបោកទៅនឹងថ្នល់ រងរបួសបែកក្បាលហូរឈាមទាំងសងខាង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុ​ឈប់ឡានឈប់ម៉ូតូ​រួចចុះមកមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចទាក់ទងរថយន្តសង្គ្រោះមកដឹកយកអ្នករបួសទៅសង្គ្រោះផងដែរ។ បន្តិចក្រោយមកគេឃើញរថយន្តគិលានសង្គ្រោះរបស់គ្លីនិកឯកជនហុងហាក់ បានចុះមកដឹកយកជនរងគ្រោះទាំង២នាក់ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ រីឯបុរសម្នាក់ទៀតបានស្លាប់ក្នុងរថយន្តសង្គ្រោះបន្ទាន់ ។

បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ និងសមត្ថកិច្ចផ្នែកជំនាញបានមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុក​នៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ រងចាំធ្វើការដោះស្រាយពេលក្រោយ។ ហើយនៅពេលនោះក៏មានសាច់ញាតិជនរងគ្រោះដែលស្លាប់បានមកដល់កន្លែងកើតហេតុ រួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះ​ យកស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖