ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានឲ្យដឹងថា សង្ឃក្លែងក្លាយដែលបានឃាត់ខ្លួន កាលពីវេលាម៉ោង ១៥និង ៣០នាទី នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចក្នុងផ្សារសម្ដេចតេជោ ដើមក្រឡាញ់ ភូមិត្រពាំងសេះ សង្កាត់ គោកចក ក្រុង/ខេត្ត សៀមរាបនេះ មកដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នេះ តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនបណ្ដោះអាសន្នហើយ ។
គួររំលឹកថា សមត្ថកិច្ចក្រោយពីមានការស្នើឲ្យជួយអន្តរាគមន៍ពីព្រះអនុគុណក្រុងសៀមរាបឲ្យជួយឃាត ព្រះសង្ឃចំនួន ០២អង្គបានដើរបិណ្ឌបាត្រ ទើបកម្លាំងបាននិមន្តព្រះសង្ឃទាំងពីរព្រះអង្គមកកាន់វត្ត ទេពពោធិវង្ស ហៅ(វត្តថ្មី) ដើម្បីសួរនាំ ។ ព្រះសង្ឃទី១ ព្រះនាម ឈៅ ស្រីរត្ន័ ហៅ ញ៉ាញ់ អាយុ ៣២ឆ្នាំស្រុកកំណើត ភូមិ ឫស្សីស្រុក ឃុំ ញ៉ែងញ៉ង ស្រុក ត្រាំកក់ ខេត្ត តាកែវ ។ ព្រះសង្ឃទី២ ព្រះនាម អឿ វុត្ថា ហៅ យ៉ា អាយុ ២៨ឆ្នាំស្រុកកំណើតនៅភូមិ ផ្ទះខ្ពស់ ឃុំ តុងរ៉ុង ស្រុកព្រៃឈរ ខេត្ត កំពង់ចាម ។
ទាំងពីរនាក់បច្ចុប្បន្នរស់នៅ ភូមិខ្វាវ ឃុំត្បែង ស្រុក បន្ទាយស្រី ខេត្ត សៀមរាប បានសារភាពថា៖ ខ្លួនពិតជាបាន កោរសក់ក្បាលខ្លួនឯង និង ទិញស្បង់ចីវពរមកគ្រង(ស្លៀកពាក់) ដោយមិនមានការបំបួស ត្រឹមត្រូវ និងដើរបិណ្ឌបាតប្រាកដមែន ។
ក្រោយពីបានចម្លើយសារភាពពីព្រះសង្ឃក្លែងក្លាយទាំងពីរ ព្រះអនគណក្រុងសៀមរាប បានធ្វើពិធីផ្សឹក និងបញ្ជូនមក ឲ្យសមត្ថកិច្ចធ្វើតាមច្បាប់ ។ បន្ទាប់មកសមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនខុសច្បាប់លើជនសង្ស័យទាំងពីរ លទ្ធផលតេស្តិ៍ទឹកនោមរកសារធាតុញៀនលើជនទាំងពីរនាក់ឃើញថា មិនមានសារធាតុញៀនទេ ។
ក្រោយសួរនាំ ព្រះអនគណក្រុងសៀមរាប សំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការតាមនីតិវិធីច្បាប់ រហូតមកដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នេះតុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនបណ្ដោះអាសន្នហើយ ៕ ប៊ុនរិទ្ធី