ព័ត៌មានទាន់ហេតុការណ៍៖

បុកគោយន្តដឹកឈើពីក្រោយរបួសជាទម្ងន់ដឹកទៅសង្រ្គោះចំពេលពេទ្យស្រវឹងស្រា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានរងរបួសជាទម្ងន់ បន្ទាប់ពីជិះម៉ូតូទៅបុកគោយន្តដឹកឈើពីក្រោយ ត្រូវបានប្រជាការពាដឹកយកទៅសង្រ្គោះ នៅមណ្ឌលសុខភាព ចំពេលគ្រូពេទ្យកំពុងស្រវឹងថា ទាល់តែគ្រួសារមក ទើបសង្រ្គោះ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង កាលពីវេលាម៉ោង២០និង៤០នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវលេខ៤៤ចន្លោះគីឡូម៉ែត្រលេខ៦៩-៧០ ស្ថិតនៅភូមិចាន់ពីង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានគោយន្ត១គ្រឿង ម៉ាកKUBOTA RT140 ពណ៌ក្រហម បើកបរក្នុងទិសដៅពីលិចទៅកើត ដោយជនមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនក្រោយកើតហេតុ) លុះដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូ០១គ្រឿងទៀតម៉ាកHONDA Dream C125 ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរក្នុងទិសដៅស្របទិសគ្នាពីក្រោយ ឈ្មោះ ម៉ៅ ម៉ាប់ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិកុមារមាស ឃំុអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ​ ជិះបុកគោយន្តពីក្រោយ បណ្តាលឲ្យម៉ូតូដួលរងរបួសជាទម្ងន់ចំណែកម៉ូតូខូចខាតធ្ងន់ ។

ជនរងគ្រោះត្រូវបាន ប្រជាការពារដឹកតាមគោយន្តយកទៅសង្រ្គោះនៅមណ្ឌលត្រពាំងជោរ ដើម្បីសង្រ្គោះតែចៃដន្យចំពេល​លោកប្រធាននិងគ្រូពេទ្យស្រវឹងអស់បាត់ទៅហើយ ។ ដោយមិនរំពឹងលើពេទ្យត្រពាំងជោរជនរងគ្រោះត្រូវបានសាច់ញាតិទាក់ទងរថយន្តសង្រ្គោះអមលាំង ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ បង្អែកខេត្តកំពង់ស្ពឺ​​បន្ត ។

សមត្ថកិច្ចបានបន្តថា ចំំំំពោះវត្ថុតាងខាងលើសមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលត្រពាំងជោរ បណ្តោះអាសន្ន រង់ចាំបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់នេះបណ្តាលមកពីការបើកបរខ្វះការប្រុងប្រយ័ត្ន ហើយគោយន្តមិនមានចំណាំងផ្លាត ពេលយប់ពីក្រោយទៀត ។ ពលរដ្ឋបានរិះគន់ទៅលើគ្រូពេទ្យថា នៅពេលដែលពួកគាត់បញ្ជូនជនរងគ្រោះ ទៅដល់លោកប្រធានមិនព្រមជួយសង្រ្គោះនោះទេ ដោយសំអាងថា គ្មានក្រុមគ្រួសារសាច់ញាតិមករង់ចាំឲ្យសាច់ញាតិមកសិន ។

ការរិះគន់ជាពិសេសចំពោះលោកប្រធានមណ្ធលសុខភាពតែម្តងថា មិនយកចិត្តទុកដាក់សង្រ្គោះបឋមដល់ជនរងគ្រោះនោះទេ ដោយយកលេសថាគ្មានក្រុមគ្រួសារមកធានា ។

មហាជនបានរិះគន់ចំៗដល់លោកប្រធានមណ្ឌលសុខភាពត្រពាំងជោរថា ជាមនុស្សមិនសូវយកចិត្តទុកដាក់ដល់អ្នកជំងឺ ក៏ដូចជារបួសផ្សេងឡើយ ហើយបើបក្ខពួកសាច់ញាតិរបស់គាត់វិញ យកចិត្តទុកដាក់ខ្លាំងណាស់ ។

មិនអាចសុំការពន្យល់ពីលោកជា សុជាតិ ប្រធានមណ្ឌលសុខភាពត្រពាំងជោរបានទេ ពាក់ព័ន្ធនឹងការលើកឡើង ក៏ដូចជាការរិះគន់ខាងលើ ។ នគរវត្តរង់ចាំគ្រប់ពេលចំពោះការបំភ្លឺរបស់លោកប្រធាន ៕ សេនាស័ក្តិ


ចែករំលែក៖