ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម៣នាក់ ត្រូវបាននគរបាលស្រុកល្វាឯមធ្វើការចាប់ខ្លួន និងរឹមអូសថ្នាំញៀនចំនួន១០កញ្ចប់ ។ ករណីចាប់ខ្លួនខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង២៣និង១០នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចកំពង់ចំលងអរិយក្សត្រ ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ។
មន្រ្ដីនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកល្វាឯមបានឲ្យដឹងថា ក្រុមជនសង្ស័យចាប់ខ្លួនបានមានគ្នា៣នាក់ ទី១-ឈ្មោះ សុខ កាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទី២-ឈ្មោះ ហាំ រ៉ូយ៉ាល់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ដ និងទី៣-ឈ្មោះ សុខ រីជ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ជនសង្ស័យទាំង៣នាក់មានទីលំនៅភូមិតាកោ ឃុំតាកោ ស្រុកពោធិរៀង ខេត្តព្រៃវែង ។ ចំណែកវត្ថុតាងដកហូតបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១០កញ្ចប់ និងម៉ូតូ១គ្រឿង ។
ប្រភពដដែលបន្ដថា ក្រុមជនសង្ស័យខាងលើ គឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្ដស្រុកល្វាឯម ដែលសមត្ថកិច្ចនគរបាលតាមដាន និងកំណត់មុខសញ្ញាជាយូរមកហើយ តែពុំមានវត្ថុតាងណាមួយដើម្បីដាក់បន្ទុកចាប់ខ្លួនបានទេ លុះមកដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២៣ កម្លាំងនគរបាលប៉ុស្ដិ៍អរិយក្សត្របានទទួលព័ត៌មានថា ក្រុមជនសង្ស័យបានជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពជួញដូរថ្នាំញៀន ។ ក្រោយពីទទួលបានព័ត៌មាន ភ្លាមនោះ កម្លាំងនគរបាលប៉ុស្ដិ៍អរិយក្សត្របានសហការជាមួយកម្លាំងជំនាញស្រុក ធ្វើការតាមដានបានឃើញក្រុមជនសង្ស័យខាងលើឆ្លងដរមកពីភ្នំពេញតាមកំពង់ចំលងអរិយក្សត្រ ភ្លាមនោះកម្លាំងជំនាញក៏បានហៅឲ្យឈប់រួចធ្វើការត្រួតពិនិត្យ បានរកឃើញថ្នាំញៀនចំនួន១០ កញ្ចប់តូច ភ្លាមនោះក៏ធ្វើការចាប់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ