ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជនសង្ស័យលួចកាច់កម៉ូតូ និងធាក់យកម៉ូតូត្រូវបាននគរបាលក្រុងតាខ្មៅសហការជាមួយនគរបាលរាជធានីភ្នំពេញបង្រ្កាប

ចែករំលែក៖

ខេត្តកណ្ដាលៈ ក្រុមជនសង្ស័យលួចកាច់កនិងធាក់យកម៉ូតូសកម្ម៣នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចុះបង្រ្កាបឃាត់ខ្លួន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០២និង៣០នាទី ចំណុចភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្រ្តីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កាន់ សក្ក័ណា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែក អញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ និសិ្សត ។ ចំណែកជនសង្ស័យ០៣នាក់ ទី១-ឈ្មោះងៀប សាដទីរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះ តាំង សៀវហ្វុង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះលេខ ៥២ ផ្លូវលេខ២៥១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ និងទី៣-ឈ្មោះ ណែម សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ មុខរបរ មិនពិតប្រាកដ។

ចំណែកវត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាកMSX ពណ៌ក្រហម ស៊េរី២០១៥ គ្មានស្លាកលេខ(របស់ជនរងគ្រោះ)។ ២-ម៉ូតូម៉ាក Kawasaki ពណ៌ខ្មៅលាយស ស៊េរី២០១៣ ផ្លាកលេខខេមរៈភូមិន្ទ០១-១-៩០៧៧ (របស់ជនល្មើស)។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនមកផឹកស៊ីនៅផ្ទះជួលរបស់សង្សារខ្លួននៅចំណុចខាងលើ ហើយបានចតម៉ូតូទុកចោលនៅជាន់ផ្ទាល់ដី រួចឡើងទៅផឹកស៊ីនៅជាន់ខាងលើ រហូតដល់វេលាម៉ោង ៥និង៣០នាទី ពេលមករកម៉ូតូក៏បាត់តែម្តង។ បន្ទាប់មកកម្លាំងយុត្តិធម៌ក្រុងតាខ្មៅ បានសហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ ព្រមទាំងវត្ថុតាងយកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖