ព័ត៌មានទាន់ហេតុការណ៍៖

លោកគ្រូបង្រៀនវិទ្យាល័យចេក ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តដឹកដីបុកពីក្រោយរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាគ្រូបង្រៀនម្នាក់ បានរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបត់ឆ្វេងខ្វះ ការប្រុងប្រយត្ន័ ត្រូវរថយន្តដឹកដីចាប់ហ្វ្រាំង មិនទាន់បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរក៏ដូចជាក្មេងៗសិស្សសាលារត់មកជួយសង្គ្រោះដឹកមកកាន់មន្ទីពេទ្យវង្អែកខេត្តស្វាយរៀង។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៨ វេលាម៉ោង ០៨:៤៨ នាទី ព្រឹក លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែតលេខ ១២២និង១២៣ ស្ថិតក្នុងភូមិ ធ្មល់ សង្កាត់ ចេក ក្រុង ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសដែលរងរបួសធ្ងន់មានឈ្មោះ អ៊ុក ថុន អាយុ ៥៥ ​ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅភូមិ រោងបន្លែ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុ បានរត់គេចខ្លួនបន្សល់តែរថយន្ដបែនដឹកដី ពណ៏ទឹកប្រាក់ ពាក់ផ្លាកលេខ ស្វាយរៀង ៣A ១៨១៥ ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ពាក់ស្លាកលេខស្វាយរៀង១H៩៦៩៩ ដោយធ្វើដំណើរពីកើតទៅលិច លើកំណាត់ផ្លូវជាតិលេខ១ខណះនោះក៏បានបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ស្រាប់តែមានរថយន្ដបែនដឹកដី ពណ៏ទឹកប្រាក់ ពាក់ផ្លាកលេខ ស្វាយរៀង ៣A ១៨១៥ បើកក្នុងទិសដៅស្របគ្នាចាប់ហ្វ្រាំងមិនទាន់ក៏បុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមក បុរសរងគ្រោះត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀងចំណែក មធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង និងអូសយករក្សាទុកនៅការិល័យចរាចរណ៍ខេត្តស្វាយរៀងដើម្បីដោះស្រាយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖