ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីមើលមុខប្អូនស្រីម្ចាស់ហាងញឹកពេក ត្រូវបុគ្កលិកហាងវាយបែកក្បាល សង៧០០ដុល្លារ បញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ៖ បុរស៣នាក់ត្រូវបុគ្កលិកហាងផឹកស៊ីមួយកន្លែងនាំគ្នាព្រួតវាយដោយប្រើសោច្រវាក់ និងកែវស្រាបណ្ដាលឲ្យរងរបួសបែកក្បាលឈាមហូរស្រោចពេញខ្លួន ក្រោយពីផឹកស៊ីមើលមុខប្អូនស្រីម្ចាស់ហាងញឹកពេក ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង០១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចហាងផឹកស៊ី យីហោ ភ្នំពេញសាច់អាំង PPQ តាមបណ្ដោយផ្លូវលេខលេខ១៣៦ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមសម្តីជនរងគ្រោះបានឲ្យដឹងថា ពួកគាត់ធ្លាប់ចូលមកផឹកស៊ីក្នុងហាងនេះច្រើនដងមកដែរ ហើយ ពួកទាំង៣នាក់នេះ មានម្នាក់ជាបុគ្គលិកក្នុងហាងនេះ ដោយបាននាំមិត្តភក្តិមកផឹកស៊ី ហើយក្រោយពីផឹកស៊ីចប់ពួកគាត់បានឲ្យគេគិតលុយរួចរាល់ ព្រោះចង់ទៅបន្តមួយកន្លែងទៀត ។

ប្រភពដដែលបន្តថា ក្រោយពេលគិតលុយរួចបាននាំគ្នាដើរចេញពីហាង តែគ្រាន់តែដើរចេញដល់ខាងមុខហាង ស្រាប់តែក្រុមបុគ្គលិកនៅក្នុងហាងកាន់សោច្រវាក់ និងកែវស្រា នាំគ្នាព្រួតវាយមកលើពួកគាត់តែម្តង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៤នាក់ ។

បើតាមសម្តីជនរងគ្រោះដែលជាបុគ្គលិកហាងកើតហេតុនោះ បានឲ្យដឹងដែរថា រឿងនេះគឺផ្តើមចេញពីមិត្តភក្តិរបស់គាត់ មើលមុខប្អូនស្រីរបស់ម្ចាស់ហាងទើបធ្វើឲ្យបុគ្គលិកហាងនោះបង្កហិង្សាមកលើពួកគាត់តែម្តង ។

បន្ទាប់ពីហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ បានហៅម្ចាស់ហាងចេញមកសម្របសម្រួលគ្នា ដោយភាគីខាងម្ចាស់ហាងព្រមចេញថ្លៃព្យាបាលរបួសចំនួន៧០០ដុល្លារដើម្បីបញ្ចប់រឿង៕ ជ្រោយពេជ្រ


ចែករំលែក៖