ប្រជាពលរដ្ឋឃុំឈើទាល ស្រុកកៀនស្វាយ កំពុងរស់នៅក្នុងសេចក្តីភ័យខ្លាចចំពោះរណ្តៅដីដ៏សែនជ្រៅរបស់ឈ្មួញ កុយ ភារ៉ា ដែលអាចបង្កគ្រោះថ្នាក់ និងមហន្តរាយសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ ។ អ្នកភូមិនិយាយថា អាជ្ញាធរ ឃុំឈើទាល ក៏ដូចជាស្រុកកៀនស្វាយ បានដឹងអំពីបញ្ហាដែលបានកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួននោះដែរ ប៉ុន្តែគ្មានចំណាត់ការ ។ គ្មានចំណាត់ការត្រូវប្រជាពលរដ្ឋចោទថា ដោយសារឈ្មួញបានសែនអាជ្ញាធរចាប់ពីថ្នាក់ឃុំ រហូតដល់ស្រុករួចរាល់អស់ហើយ ។ ដូច្នេះអ្នកភូមិរំពឹងថា អាជ្ញាធរខេត្ត ពោលគឺលោកអភិបាលខេត្ត នឹងចាត់វិធានការចំពោះបញ្ហានេះដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ។
ប្រភពពីប្រជាពលរដ្ឋក្នុងឃុំឈើទាល បានឲ្យដឹងទៀតថាឈ្មួញឈ្មោះ កុយ ភារ៉ា បានជីករណ្ដៅដីទំហំធំហើយជ្រៅ រួចប្រើប្រាស់រថយន្តធំៗដឹកអាចម៍ដីលក់ធ្វើឲ្យខូចផ្លូវក្នុងមូលដ្ឋានឃុំឈើទាល ជាបន្តបន្ទាប់ដោយសារអាងមានខ្នងបង្អែករឹងមាំ។ ជាងនេះទៅទៀតឈ្មួញឈ្មោះ កុយ ភារ៉ា បានប្រើម៉ាស៊ីនបូមខ្សាច់ពីរណ្ដៅដីនោះទៀតផង ដោយគ្មានមន្ត្រីជំនាញឬមន្ត្រីអាជ្ញាធរណាចុះទៅត្រួតពិនិត្យទាល់តែសោះដែលជាហេតុធ្វើឲ្យឈ្មួញឈ្មោះ កុយ ភារ៉ា កាន់តែមានអំណាចខ្លាំងក្លាធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។ ប្រភពខ្លះបានឲ្យដឹងថា ប្រហែលមានការឃុបឃិតបើកដៃពីសំណាក់លោក យិន រដ្ឋា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្ដាល ផងដែរ ទើបឈ្មួញឈ្មោះ កុយ ភារ៉ា ហ៊ានជីករណ្ដៅដីខុសលក្ខណៈបច្ចេកទេស ហើយធ្វើអាជីវកម្មបូមខ្សាច់យ៉ាងគឃ្លើន។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើអះអាងថា លោក នេត វាសនា ប្រធានការិយាល័យរ៉ែ និងថាមពល ស្រុកកៀនស្វាយ ជាអ្នកដែលទទួលបានលាភសក្ការពីឈ្មួញ ទើបមិនព្រមចាត់ការករណីនេះ ។ ជាមួយគ្នានោះ ប្រភពខ្លះអះអាងថា ក្រៅពីលោកនេត វាសនា ក៏នៅមានលោក យិន រដ្ឋា ប្រធានមន្ទីររ៉ែ និងថាមពលនោះម្នាក់ទៀត ដែលជាអ្នកទទួលបានផលប្រយោជន៍ពីឈ្មួញ កុយ ភារ៉ា ។ អ្នកភូមិនិយាយថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ បានបញ្ចេញប្រតិកម្មច្រើនលើកច្រើនសារ ប៉ុន្តែអាជ្ញាធរថ្នាក់ឃុំ និងស្រុក មិនព្រមចាត់វិធានការដោះស្រាយនោះឡើយ ។ ដោយសារតែភាពស្ងប់ស្ងៀមរបស់អាជ្ញាធរ និងស្ថាប័នជំនាញនោះហើយ ទើបប្រជាពលរដ្ឋចោទថា អាជ្ញាធរនិងស្ថាប័នជំនាញទទួលបានលាភសក្ការពីឈ្មួញ កុយ ភារ៉ា ៕