ខេត្តកំពង់ធំ ៖ ពិតជាអកុសល និងសោកសង្រេងណាស់ ដែលបុរសម្នាក់ស្លាប់ដោយសារដើរ ធ្លាក់អណ្តូងទឹកដែលគេជីកជម្រៅជិត១០ម៉ែត្រដោយមិនបានដាក់លូស៊ីម៉ងត៍ជាកង់ៗដូចអណ្តូងទឹកដទៃទៀតបណ្តាលឲ្យឈ្លក់ទឹកនិងលង់ ដោយគ្មានអ្នកណាដឹង ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៧ និង២០នាទីយប់ថ្ងៃព្រហស្បតិ៍៤ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ក្នុងភូមិពោន ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
មន្រ្តីនគរបាលស្រុកបារាយណ៍បានឲ្យដឹងថា មុនពេលកើតហេតុបុរសវ័យចំណាស់ម្នាក់ឈ្មោះ ពេញ ឃឿន ភេទប្រុស អាយុ៤៦ឆ្នាំមុខរបរកសិករ រស់នៅភូមិកើតហេតុខាងលើបានផឹកស្រវឹងស្រាបានដើរធ្លាក់ទឹកអណ្តូងមួយកន្លែងក្នុងភូមិដែលគេមិនបានដាក់លូស៊ីម៉ងត៍ជាកង់ៗដូចអណ្តូងទឹកដទៃទៀត ឬ ធ្វើរបងហ៊ុំព័ទ្ធមាត់អណ្តូងការពារគ្រោះថ្នាក់នោះទេ ជាហេតុបណ្តាលឲ្យបុរសនេះលង់ស្លាប់យ៉ាងអាណោចអាធ័ម។ ក្រោយមកក្រុមគ្រួសារបាត់ជនរងគ្រោះយូរមិនឃើញមកផ្ទះ បាននាំគ្នាដើររកស្រាប់តែឃើញ ស្លាប់នៅក្នុងអណ្តូងទឹកខាងលើ បង្កការភ្ញាក់ផ្អើលតែម្តង ។
បន្ទាប់ពីទទួលដំណឹងនេះសមត្ថកិច្ចជំនាញបានចុះទៅធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារដើរធ្លាក់អណ្តូងទឹកលង់ស្លាប់ប្រាកដមែនទើបប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ សហការី