ភ្នំពេញ៖ អតីតម្ចាស់ជ័យលាភីលេខ១ក្នុងកម្មវិធីប្រកួតចម្រៀង ផ្កាយរះក្នុងសួន កញ្ញា ចែម ស្រីល័ក្ខ ធ្លាប់បានធ្វើទស្សនិកជនភ្ញាក់ផ្អើលជាច្រើនលើកច្រើនសារមកហើយក្រោយពីនាងបញ្ចេញស្នាដៃបទចម្រៀងជាមួយសំនៀងក្រអួនរណ្តំចិត្ត។ ចូលឆ្នាំថ្មី២០១៩ភ្លាមតារាស្រីរូបនេះកាន់តែរំពឹងខ្ពស់នឹងឱកាសចាប់បានទីផ្សារការច្រៀងថ្មីៗបន្តបន្ទាប់។
ឆ្នាំមុននេះ ចែម ស្រីល័ក្ខបានធ្វើគេស្គាល់នាងខ្លាំងជាមួយស្នាដៃបទចម្រៀងលេចធ្លោរថ្មីៗជាច្រើន ពិសេសក្រោយពេលនាងបង្ហើរសំនៀងក្នុងបទ ក្រមាសាមគ្គីក្រមាកម្ពុជា ដែលជាសំនៀងរួមគ្នាជាមួយលោក Jane Roffer។
តារាស្រីរូបនេះបញ្ជាក់ថា ក្រោយពីទទួលបានពានលេខ១ក្នុងកម្មវិធី ផ្កាយរះក្នុងសួន របស់ទូរទស្សន៍ប៉ុស្តិ៍អប្សរា គឺធ្វើឲ្យទស្សនិកជនជាច្រើនបានស្គាល់នាង។ អ្វីដែលកាន់តែធ្វើឲ្យមានការគាំទ្រច្រើនមកលើនាងគឺក្រោយពេល នាងចូលរួមប្រកួតក្នុងកម្មវិធីCambodian Idol រដូវកាលទី៣មក នាងហាក់មានទីផ្សារស្ទុះងើបខ្លាំងទាំងការច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីនានាទាំងនៅភ្នំពេញ និងខេត្តនានា។ នាងបញ្ជាក់ថាដើមឆ្នាំ២០១៩នេះនាងក៏ទើបនឹងទទួលបានឱកាសការងារជាបន្តបន្ទាប់ដែរ។
នាងថាបំពេញតម្រូវការទីផ្សារនាងក៏បានត្រៀមខ្លួនបញ្ចេញបទចម្រៀងថ្មីៗមួយចំនួនសម្រាប់ខ្លួនឯង និងបម្រើអារម្មណ៍ទស្សនិកជន ហើយនាងរំពឹងថានឹងទទួលបានការពេញចិត្តច្រើនពីអ្នកគាំទ្រ។
តារាចម្រៀងស្រីរូបនេះលើកឡើងដែរថាក្រៅពីការងារច្រៀងនាងក៏ត្រូវលែពេលវេលាច្រើនក្នុងការសិក្សាផងដែរព្រោះឆ្នាំនេះនាងគឺជាសិស្សិតឆ្នាំទី៤នៃសាលកវិទ្យាល័យកម្ពុជាផងដែរ៕ វឌ្ឍនា