ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលស្រុកវ៉ារិនបានឲ្យដឹងនៅព្រឹកថ្ងៃទី១១ខែ មករា ឆ្នាំ២០១៩ថា បានបញ្ជូនជនសង្ស័យ៦នាក់ បានបញ្ជូនទៅមកកាន់ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានខេត្តសៀមរាប រួចហើយ នៅថ្ងៃទី១០ ខែ មករា ឆ្នាំ២០១៩ បន្ទាប់ពីផឹកស៊ីទាស់សំដីគ្នា ។
គួររំលឹកថា ក្រុមស៊ីផឹកមួយក្រុមផឹកចំស្រាកាចផ្ទុះទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៊ី ឈានដល់ប្រើហិង្សាវៃតប់គ្នាទៅវិញទៅមក ទីបំផុតអ្នកចាញ់ចំនួន៤នាក់ រងរបួសកំពុងព្យាបាលនៅមន្ទីរពេទ្យ ឯអ្នកឈ្នះចំនួន៦នាក់វិញ ត្រូវបានកម្លាំងនគរបាលស្រុកវ៉ារិន ឃាត់់ខ្លួន ហេតុការណ៍ឃាត់នេះបានកើតឡើងកាលពីវេលាម៉ោង១៨ និង ៣០នាទី យប់ទី០៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវមុខផ្ទះឈ្មោះអឿប សី ភេទប្រុស ស្ថិតក្នុងុភូមិ ខ្សាច់ពពឹល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះចំនួន៤នាក់៖ ទី១ ឈ្មោះ អ៊ុន សំអុល ភេទប្រុស របួសក្បាល និងដៃ (ធ្ងន់)បញ្ជូនទៅមន្ទីពេទ្យខេត្ត ។ ទី២ឈ្មោះហេង ធី ភេទប្រុស អាយុ២៧ ឆ្នាំ របួសធ្ងន់ បញ្ជូនទៅពេទ្យខេត្ត ។ ទី៣ ឈ្មោះ ស៊ឹម អន ភេទប្រុស អាយុ៣១ ឆ្នាំ រងរបួសមុខក្បាល ។ ទី៤ឈ្មោះ អ៊ាប ភេទប្រុស អាយុ២០ ឆ្នាំ រងរបួសស្រាល ។
ឯជនសង្ស័យចំនួន ៦នាក់ ÷ទី១ ឈ្មោះ បូ ណារ៉ា ភេទប្រុស អាយុ៣៥ ឆ្នាំ មានទីលនៅភូមិ ជប់ត្រាវ ឃុំវ៉ារិន ។ ទី២ ឈ្មោះ សី សិទ្ធ ភេទប្រុស អាយុ ១៦ ឆ្នាំ ។ ទី៣ ឈ្មោះ ឌី ដែន ភេទប្រុស អាយុ ២៦ ឆ្នាំ ។ ទី៤ ឈ្មោះ គួន វុទ្ធី ភេទ ប្រុស អាយុ ១៩ ឆ្នាំ ។ ទី៥ ឈ្មោះ សី រិទ្ធិ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ។ ទី៦ ឈ្មោះ ឈឹម ហន ភេទប្រុស អាយុ ១៩ ឆ្នាំ ទាំង៦នាក់ ខាងលើ មានទីលំនៅភូមិឃុំ កើតហេតុ ខាងលើ ។
សមត្ថកិច្ចបានឲ្យដឹងថាក្រោយឃាត់ខ្លួននាំមកធ្វើការសាកសួរ ក្រុមជនសង្ស័យខាងលើបានឆ្លើយសារភាពថាពួកគេពិតជាបានយកដំបងឈើ និងកាំប៉ិតកាប់ និងវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួលដួលសន្លប់ និងបន្តយកខ្សែចងជនរងគ្រោះពិតមែន ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរងទទួលផែន កណ្តាលព្រហ្មទណ្ឌខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះថា ករណីនេះខាងលើនេះយើងនៅមិនទាន់លម្អិតនៅឡើយរងចាំសួរនាំបន្ដទៀត តែទោះបីជាយ៉ាងនេះក្តី គេនៅមិនទាន់ដឹងថាក្រុមអ្នកភូមិឈ្លោះគ្នាក្នុងវង់ផឹកស៊ីនេះ អាចឈានដល់កម្រិតណានោះទេ ។ ប៉ុន្តែប្រភពមួយបានបង្ហើបថា ក្រុមជនរងគ្រោះបានទាមទារសំណងជំងឺចិត្ត ទៅលើក្រុមជនសង្ស័យចំនួន៦ម៉ឺនដុល្លាររសហរដ្ឋអាមេរិក ៕ ប៊ុនរិទ្ធី