ខេត្តរតនគិរី៖ ជំនាញផែនការងារអន្តោប្រវេសន៍បានស្រាវហើយឃាត់ខ្លួនជនជាតិវៀតណាមជនជាតិពីរនាក់ ឪពុក និងកូនពីបទ ពាក់ព័ន្ធក្នុងករណីឆបោកទ្រព្យសម្បត្តិប្រជាជនវៀតណាម នៅក្នុង ខេត្តបារៀវុងតាវ ប្រទេសវៀតណាម ។
ប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនជនជាតិវៀតណាមពីរនាក់ឪពុក និងកូននេះបានធ្វើឡើងនៅល្ងាចថ្ងៃពុធ ៤ កើត ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព ស២៥៦២ត្រូវនឹងថ្ងៃទី៩ ខែមករាឆ្នាំ២០១៩នៅក្នុងឃុំត្រពាំងច្រេស ស្រុកកូនមុម ខេត្តរតនគិរី ។
តាមប្រភពបានឲ្យដឹងថាប្រតិបត្តការ ស្រាវជ្រាវឃាត់ខ្លួនជនសង្សយ័ទាំងពីរនាក់ឪពុកកូនខាងលើនោះ ធ្វើឡើងដោយយោងតាមលិខិតបង្គាប់ឲ្យចាប់ខ្លួន និងនាំខ្លួនលេខ០២/PC ៤៥ ចុះថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៥របស់ស្ថាប័នស្រាវជ្រាវសើុបអង្កេតនគរបាលខេត្តបារៀវុងតាវនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
យោងតាមចំណារឯកភាពរបស់ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តរតនគិរីចុះថ្ងៃទី០៩ ១ ១៩លើសំណើរសុំឃាត់ខ្លួនរបស់ស្នងការដ្ឋានគរបាលខេត្តរតនគិរីនោះ ។
ជនសង្សយ័ដែលឃាត់ខ្លួនបាននោះទី១-ឈ្មោះឡេ ថាន់ថាវ ភេទប្រុស ឆ្នាំកំណើត១៩៦៨ស្រុកកំណើតខេត្តហាយើង កាន់អត្តសញ្ញាណប័ណ្ណវៀតណាមលេខ២៧៣៤៣២៩៩៦ត្រូវជាឪពុក ។ ទី២-ឈ្មោះឡេ ក្វៀតថាំង ភេទប្រុស ឆ្នាំកំណើត១៩៩៧ស្រុកកំណើត ខេត្តហាយយឿង កាន់អត្តសញ្ញាណប័ណ្ណវៀតណាមលេខ២៧៣៦២០៧៥៩ត្រូវជាកូន ។ តាមប្រភពបន្តថាជនជាតិវៀតណាមពីរនាក់ឪពុក និងកូននោះបានរត់គេចខ្លួនចេញពីប្រទេសវៀតណាមលួចឆ្លងដែនចូលមកសម្ងំលាក់ខ្លួនក្នុងប្រទេសកម្ពុជាដោយពាក់ព័ន្ធក្នុងករណីឆបោកទ្រព្យសម្បត្តិប្រជាជនវៀតណាម នៅក្នុងខេត្តបារៀវុងតាវ ប្រទេសវៀតណាម ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានត្រៀមរៀបចំបែបបទ និងរងចាំចំណារឯកភាពពីថ្នាក់លើដើម្បីប្រគល់ទៅឲ្យភាគីវៀតណាមចាត់ការបន្តតាមច្បាប់នៃប្រទេសវៀតណាម៕ ជីវន្ត័