ព័ត៌មានទាន់ហេតុការណ៍៖

ចំណាយពេលជិត៦ម៉ោង បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ឃាត់ខ្លួនអ្នកប្រើប្រាស់ និងជួញដូរថ្នាំញៀន សរុប៣៤នាក់ និងដកហូតម៉ូតូ ២០គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ អ្នកប្រើប្រាស់ និងជួញដូរថ្នាំញៀនប្រុសស្រី សរុប៣៤នាក់ និងដកហូតម៉ូតូ ២០គ្រឿង រួមទាំងវត្ថុតាងមួយចំនួន ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយលោកវរសេនិយ៍ឯក អ៊ីវ ភារិទ្ធ បើកប្រតិបត្តិការចុះបង្ក្រាបបានមុខសញ្ញាជួញដូរគ្រឿងញៀនជាបន្តបន្ទាប់ ដោយចំណាយពេលជិត៦ម៉ោង ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ បានធ្វើឡើងចាប់ពីម៉ោង១និង៣០នាទីរសៀល ថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះជួលគ្មានលេខ សំណង់មិនរៀបរយ តាមបណ្តោយផ្លូវរថភ្លើង(R6) (មុខក្តាន់ពីរ) ក្រុម៣៤ ភូមិ៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រហូតដល់វេលាម៉ោង៦ល្ងាចថ្ងៃដដែល ។

លោកវរសេនិយ៍ឯក អ៊ីវ ភារិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយទទួល បានការអនុញ្ញាតតាមរយៈទូរស័ព្ទរបស់លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការពីលោក ចេង សុផាន ជាក្រឡាបញ្ជី ដឹកនាំកម្លាំងផ្ទាលចុះធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការកំណត់បាននូវមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនដ៏សកម្ម ដោយធ្វើការឃាត់ខ្លួនបាន ចំនួន៣៤នាក់(ស្រីម្នាក់ ) ក្នុងនោះចំនួន៤នាក់ ជាអ្នកជួញដូរ និងដកហូតម៉ូតូចំនួន២០គ្រឿង និងថ្នាំញៀនចំនួន៣កពា្ចប់ ,ជញ្ជីងសម្រាប់ ថ្លឹងគ្រឿងញៀនចំនួន២គ្រឿង, ថង់សម្រាប់ច្រកថ្នាំញៀន មួយចំនួនធំ, ដែកកេះចំនួន២, ទូរស័ព្ទ២គ្រឿង និងកូនកន្ត្រៃដែកចំនួន១ ។

បច្ចុប្បន្នជនសង្ស័យទាំង៣៤នាក់ ត្រូវបានសមត្ថកិច្ចនាំឃាត់ខ្លួនបណ្តោះអាសន្ន នៅការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕ ស តារា

 


ចែករំលែក៖