ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាលោ ឃាត់ចាប់ដាក់ខ្នោះដៃបុរសម្នាក់ពូកែខាងប្រើអំពើហិង្សាដោយចេតនា ខណៈផឹកស៊ីស្រវឹងស្រឿងគងសម្ដីកាប់បំផ្លាញទ្រព្យសម្បាត្តិអ្នកដទៃ និងបង្ករបួសស្នាម។
ហេតុការណ៍ខាងលើបានបង្កឡើងនៅវេលាម៉ោង០០និង៤៤នាទីយប់ ឈានចូលថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះឈ្មោះ អ៊ុំ មយូរា ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិប្រហាល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក អនុសេនីយ៍ឯក រ៉ង សុវណ្ណារឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោបានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីហិង្សាដោយចេតនាឈ្មោះ ណៃ វណ្ណៈ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ។
លោក នាយប៉ុស្ដិ៍បន្តថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ ក្រោយទទួលបណ្ដឹងថា នៅពេលផឹកស៊ីស្រវឹងជោគជាំហើយនោះ មានការទំនាស់ពាក្យសម្ដីជាមួយគ្នាក្នុងវង់ ក៍បានធ្វើសកម្មភាពវាយកម្ទេចពាងទឹក កាប់កៅអីជ័រ និងកាប់ចំឈ្មោះ ឡុក ម៉ៅ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ បណ្ដាលឲ្យរងរបួសដៃឆ្វេង និងថ្ពាល់ខាងឆ្វេងដែរ(ស្រាល)។
លោក បន្តទៀតថា ជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីហិង្សាដោយចេតនាត្រូវឃាត់ខ្លួន បាននាំយកមកបន្តនីតិវិធី នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ៕ បឹុម ពិន