ខេត្តកណ្ដាលៈ បុរសចំណាស់ម្នាក់បានលង់ទឹកទន្លេស្លាប់យ៉ាងអាណោចអាធ័ម ខណៈយកបាយទៅឲ្យកូនប្រសារដែលកំពុងស្រោចទឹកពោតនៅលើកោះ ។ ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៣និង៣០នាទី ស្ថិតក្នុងភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យ ស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទេព ភិន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិជ្រោយពិសីឃុំ ទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្ដាល។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ វេលាម៉ោង១២និង១៥នាទីថ្ងៃ ប្រពន្ធជនរងគ្រោះបានឲ្យជនរងគ្រោះយកបាយទៅឲ្យកូនប្រសារដែលកំពុងស្រោចទឹកពោតនៅលើកោះ ដោយជនរងគ្រោះបានឆ្លងទន្លេដែលមានជម្រៅទឹកត្រឹមក លុះមកដល់វេលាម៉ោង១៣និង១៥នាទី បុរសជាកូនប្រសារបានឃើញជនរងគ្រោះជាឪពុកក្មេកបម្រុងចុះទឹកឆ្លងទន្លេដែរ តែពុំចាប់អារម្មណ៍នោះទេ លុះបានប្រហែល៥នាទីក្រោយ បុរសជាកូនប្រសារមិនបានឃើញជនរងគ្រោះ គាត់មានការសង្ស័យ ក៏អុំទូកមកសួរនាំម្ដាយក្មេកនៅឯផ្ទះ ភ្លាមនោះម្ដាយក្មេកដែលត្រូវជាប្រពន្ធជនរងគ្រោះថា ជនរងគ្រោះបានយកបាយទៅឲ្យកូន ។ ដោយពុំឃើញជនរងគ្រោះត្រឡប់មកក៏នាំគ្នាទៅរកនៅក្នុងទន្លេក៏បានឃើញជនរងគ្រោះ រួក៏បានស្រង់យកមកលើគោក និងធ្វើចលនាសង្គ្រោះ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ក្រោយពីនគរបាលជំនាញស្រុកបានទទួលព័ត៌មានករណីខាងលើ ភ្លាមនោះ កម្លាំងជំនាញក៏ចុះពិនិត្យ និងកោសល្យវិច្ច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ បន្ទាប់ពីពិនិត្យចប់ សាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ