ខេត្តកណ្តាល៖ សាឡង់មួយគ្រឿងរបស់ជនជាតិវៀតបើកបុកទូករបស់ពលរដ្ឋដែលកំពុងនេសាទត្រី បណ្ដាលឲ្យលិច និងបាត់ខ្លួនក្មេងប្រុសអាយុ២ឆ្នាំម្នាក់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកខាងលើនេះ បានកើតឡើងនាវេលាទៀបភ្លឺ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយសាឡង់ដឹកខ្សាច់ ពណ៌បៃតងចាស់ បើកបរដោយឈ្មោះ ចាំយុំសឺង ភេទប្រុស អាយុ៤៣ឆ្នាំ សញ្ជាតិវៀតណាម មានអ្នករួមដំណើរម្នាក់ឈ្មោះ តាំ ធី ភេទស្រី អាយុ៣៦ឆ្នាំ ។ អ្នកបើកបរនិងអ្នករួមដំណើរទាំង២នាក់មានទីលំនៅក្នុងខេត្តតាំងថាន់បេ ប្រទេសវៀតណាម រីឯទូកនេសាទត្រីរបស់ពលរដ្ឋមួយគ្រួសារ ចំនួន១គ្រឿង ពណ៌បៃតងលាយខៀវ បើកបរដោយឈ្មោះ ស្លេស ម៉ូសា ភេទប្រុស អាយុ៣៣ឆ្នាំ សញ្ជាតិខ្មែរ មានអ្នករួមដំណើរជាមួយគ្នា៣នាក់ ទី១.ឈ្មោះ យូ មៃយ៉ាន ភេទស្រី អាយុ២៩ឆ្នាំ ទី២.ឈ្មោះ ម៉ូ សាគីរីន ភេទប្រុស អាយុ៧ឆ្នាំ និង៣.ឈ្មោះ ម៉ូ សាហារ៉ូន ភេទប្រុស អាយុ២ឆ្នាំ (បាត់ខ្លួនរកមិនទាន់ឃើញ)។ ជនរងគ្រោះទាំង៤នាក់មានទីលំនៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងទូករបស់ពលរដ្ឋរងគ្រោះខាងលើ កំពុងនេសាទត្រីក្នុងទន្លេ ខណៈនោះក៏មានសាឡង់ដឹកខ្សាច់មួយគ្រឿងបើកដោយជនជាតិវៀត បើកបរក្នុងទិសដៅពីត្បូងទៅជើងដោយខ្វះការប្រុងប្រយ័ត្ន លុះមកដល់ចំណុចកើតហេតុក៏បានបុក បណ្ដាលក្មេងប្រុសអាយុ២ឆ្នាំម្នាក់បាត់ខ្លួន ។
តាមការសន្និដ្ឋានរបស់សម្ថតកិច្ចបានឲ្យដឹងថា ករណីខាងលើនេះ គឺបណ្ដាលមកពីអ្នកបើកបរសាឡង់ដឹកខ្សាច់ បើកបរដោយខ្វះការប្រុងប្រយ័ត្ន ទើបបានជាមានរឿងហេតុខាងលើនេះកើតឡើង ។ ចំណែកមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចជំនាញ យកមករក្សាទុកអធិការនគរបាលស្រុកខ្សាច់កណ្តាលដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ