ខេត្តកណ្ដាល៖ ម៉ូតូមួយគ្រឿងបើកឆ្លងផ្លូវមិនមើលមុខមើលក្រោយ ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបើកតាមបណ្ដោយផ្លូវ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និង៣នាក់ទៀតរងរបួសស្រាល ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ លើផ្លូវលេខ១៥១ ស្ថិតក្នុងភូមិវាលថ្មី ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ អាន សុខជា ភេទប្រុស អាយុ២៤ឆ្នាំ បើកបរម៉ូតូម៉ាកSUZUKI NEX ធុនសេ១១០ ស៊េរីឆ្នាំ២០១៧ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GH-1835 មានអ្នករួមដំណើរម្នាក់ឈ្មោះ ស្រេង សុផុន ភេទប្រុស អាយុ២២ឆ្នាំ (រងរបួសស្រាល)។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាក HONDA DREAM ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AA-7723 បើកបរដោយឈ្មោះ ទ្រុយ សុខា ភេទប្រុស អាយុ៣២ឆ្នាំ (រងរបួសស្រាល) មានអ្នករួមដំណើរម្នាក់ឈ្មោះ ធឿន ឆៃយ៉ា ភេទប្រុស អាយុ៦ឆ្នាំ (រងរបួសស្រាល) ។ ជនរងគ្រោះទាំង២នាក់ត្រូវជាឪពុកកូននឹងគ្នាមានទីលំនៅភូមិវាលថ្មី ឃុំភ្នំបាទ ស្រុកពញាឮ ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញអ្នកបើកបរម៉ូតូម៉ាក HONDA DREAM ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៥១ លុះមកដល់ចំណែកកើតហេតុ ក៏បានបើកឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិច ដោយពុំមើលមុខមើលក្រោយនោះទេ ខណៈនោះក៏បានបុកម៉ូតូមួយគ្រឿងទៀតម៉ាក SUZUKI NEXបើកបរក្នុងទិសដៅពីត្បូងទៅជើងពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូ SUZUKI NEXទទួលរងរបួសធ្ងន់ និងអ្នករួមដំណើរជាមួយរងរបួសស្រាល រីឯភាគីខាងម៉ូតូម៉ាក HONDA DREAM និងអ្នករួមដំណើររងរបួសស្រាល។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់និងស្រាលត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជនក្នុងឃុំភ្នំបាត ចំណែកឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបាននគរបាលជំនាញចរាចរណ៍ ចុះធ្វើការវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ