ខេត្តតាកែវ៖ ពិតជាថ្លើមពាសមេឃមែន ដែលបុរសម្នាក់ប្រើអំពើហិង្សា ដេញវាយកូន និង វាយ បំផ្លាញទ្រព្យសម្បត្តិស្ទើរគ្មានសល់ ព្រមទាំងដុតកម្ទេចម៉ូតូមួយគ្រឿងរបស់ម្ចាស់ផ្ទះ គ្រាដែលបុរសនេះមកលេងផ្ទះនេះ ហើយបង្កើតជាទំនាស់ពាក្យសម្តីគ្នាបណ្តិចបន្តួច ។
ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃអាទិត្យ៨ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៣ខែមករា ឆ្នាំ ២០១៩ នៅភូមិសុក្រំ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ក្រោយបង្កហិង្សារួច បុរសចិត្តភ្លើងរូបនេះត្រូវបាននគរបាលមូលដ្ឋានចាប់ដាក់ខ្នោះកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលស្រុកត្រាំកក់បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ង៉ែម បូរ៉ាល់ ភេទប្រុស អាយុ២៥ឆ្នាំ បានទៅលេងនិងហូបបាយនៅផ្ទះជនរងគ្រោះ ឈ្មោះសំ វ៉ាញ ភេទស្រី អាយុ ៥៣ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ ពេលទៅលេងនៅផ្ទះនេះបានមួយសន្ទុះស្រាប់តែមានទំនាស់ពាក្យសម្តីជាមួយកូនស្រីម្ចាស់ផ្ទះ រួចបុរសនេះក៏បានស្ទុះទៅវាយកូនស្រីម្ចាស់ផ្ទះ តែកូនស្រីម្ចាស់ផ្ទះដឹងខ្លួនទាន់ បានរត់រួចទើបមិនបណ្ដាលឲ្យរងរបួសអ្វីទេ។
ប្រភពដដែលបានឲ្យដឹងទៀតថា ខណ:ដែលជនសង្ស័យដេញវាយកូនម្ចាស់ផ្ទះមិនបានគេក៏ស្ទុះទៅវាយពាងទឹកបែកអស់ចំនួន២ វាយដំសម្ភារផ្សេងៗក្នុងផ្ទះ និងចាក់សាំងដុតបំផ្លាញម៉ូតូម៉ាក វេវ ពណ៌ក្រហម ចំនួន១គ្រឿងរបស់ម្ចាស់ផ្ទះទៀតផង។
បន្ទាប់ពីកើតហេតុនេះរួច សមត្ថកិច្ចនគរបាលប៉ុស្តិ៍អូរសារាយទៅដល់បានឃាត់ខ្លួនជនសង្ស័យមកសាកសួរ និង កសាងសំណុំរឿងតាមនិតិវិធីតាមច្បាប់ ៕ ប្រាថ្នា