ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានចាក់អភិបាលក្រុង ដោយកាំបិតនៅលើឆាកប្រគំតន្ត្រីមនុស្សធម៌

ចែករំលែក៖

នៅក្នុងពិធីប្រគំតន្ត្រី មនុស្សធម៌សម្រាប់ជួយដល់ មន្ទីពេទ្យ ក្នុងប្រទេសប៉ូឡូញ ដែលធ្វើឡើងនៅទីក្រុង Gdansk ​នៃប្រទេសនេះដោយមានការចូលរួម​ពីអភិបាល ក្រុង លោក Vawel Adamowicz។

មន្ត្រីសន្តិសុខបានឲ្យដឹងថា លោកអភិបាលក្រុង​ Vawel Adamowicz ​ត្រូវជនដៃដល់ចាក់ចំដើមទ្រូងខាងឆ្វេង ហើយពេលនេះលោកកំពុងតែធ្វើការវះកាត់ នៅក្នុងមន្ទីរពេទ្យ ដើម្បីសង្គ្រោះ ​។

នៅក្នុងឃ្លីបវីដីអូ​បានបង្ហាញឲ្យឃើញថា បុរសម្នាក់បានរត់ឡើងលើឆាក​រួចចាក់ទៅលើអភិបាលក្រុងតែម្តង ដោយស្រែកថា​ជាការសងសឹកដល់ភាពអយុត្តិធម៌ ។ ហេតុការណ៍ខាងលើកើតឡើង​នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ​ដើម្បីស្វែងរកជំនួយមនុស្សធម៌ដល់មន្ទីរពេទ្យ​ប៉ូឡូញ។

ការវាយប្រហារខាងលើ បានកើតឡើងយ៉ាងឆាប់រហ័ស រហូតដល់អ្នកដែលចូលរួម មិនដឹងថា​មានរឿងអ្វីកើតឡើងនោះឡើយ​ មនុស្សជាច្រើន នៅតែ លើកទូរស័ព្ទ​និងដៃគ្រវីទៅតាម​ចង្វាក់ភ្លេង​។ ក្រោយការចាក់ទៅលើ​អភិបាលក្រុង ជនដៃដល់ក៏នៅឈរលើឆាកដដែលមិនបានគេចខ្លួនទៅណានោះឡើយ ។ មិនតែប៉ុណ្ណោះជនដៃដល់ បានដណ្តើមយក ម៉េក្រូហ្វូន ហើយប្រកាសថា ទើបតែចាក់អភិបាលក្រុង ដោយរូបខ្លួនត្រូវ​កាត់ទោស អយុត្តិធម៌ ជាប់គុកមួយរយៈពេល ។ ក្រោយមកកម្លាំងសន្តិសុខក៏បានឃាត់ខ្លួន ប្រគល់ទៅប៉ូលិស ។

បណ្តាញព័ត៌មាន​ Gdansk បានដកស្រង់សម្តី​ ពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា​ ជនវាយប្រហារ បានចាក់សម្តៅទៅលើ បេះដូងរបស់ជនរងគ្រោះ ។ បើទោះបីបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ទាន់ពេល ប៉ុន្តែ អភិបាលក្រុងស្ថិតនៅក្នុងការជួយសង្គ្រោះបន្ទាន់នៅឡើយ​។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប៉ូឡូញ​លោក​ Joachim Brudzinski ​បានចាត់ទុកហេតុការណ៍ខាងលើ ជាសកម្មភាព ព្រៃផ្សៃមិនអាចទទួលយកបានឡើយ ៕ ម៉ែវ សាធី

 


ចែករំលែក៖