ភ្នំពេញ: ស្ត្រីជនជាតិចិនម្នាក់កំពុងជិះម៉ូតូកង់បី “Pass App“ ស្រាប់តែមានបុរសជនជាតិចិនម្នាក់ បើករថយន្តមកស្ទាក់ពីមុខ រួចចុះពីរថយន្តមកឈ្លោះប្រកែកគ្នា ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃអង្គារ៍ ទី១៥ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ១៦៤ កែងផ្លូវលេខ១៦៩ ខាងត្បូងវិទ្យាល័យបាក់ទូក ស្ថិតក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមសម្ដីបុរសម្ចាស់ម៉ូតូរ៉ឺម៉ក បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់កំពុងបើករ៉ឺម៉កកង់បី “Pass App” តែម្នាក់ឯង លុះមកដល់ចំណុចផ្លូវ១៦៩ កែងផ្លូវ១៦៤ ស្រាប់តែមានស្ត្រីជនជាតិចិនម្នាក់ ស្រែកហៅគាត់ឲ្យឈប់ រួចប្រាប់ថា ទៅ Naga ហើយក៏ឆ្លើយ OK ទើបស្ត្រីរូបនោះ ឡើងមកអង្គុយលើកង់បី រួចគាត់បើកចេញទៅតាមបណ្ដោយផ្លូវ១៦៤ បានប្រហែល៥០ម៉ែត្រ ស្រាប់តែឃើញមានបុរសជនជាតិចិនម្នាក់ បើករថយន្ត TOYOTA PRIUS ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AV-9454 ក្នុងល្បឿនយ៉ាងលឿនតាមពីក្រោយ រួចកាច់ចង្កូតមកស្ទាក់ពីមុខរ៉ឺម៉កកង់បី របស់គាត់ ដោយមិនដឹងជាមានរឿងអ្វីទេ រួចចុះមកស្រែកដាក់ស្ត្រីជនជាតិចិននោះ នាងក្រវីក្បាល ហើយក៏ឈ្លោះប្រកែកគ្នាតែម្ដង។
ប្រភពបន្តទៀតថា បន្ទាប់មកបុរសជនជាតិចិននោះ បានឡើងបើករថយន្តថយក្រោយទៅប៉ះជាមួយខឿនចិញ្ចើម រួចជាន់ហ្គែរបើកមកមុខវិញ សំដៅមកបំបុករ៉ឺម៉កកង់បីគាត់ រួចចុះមកស្រែកឡូឡា ជាមួយស្ត្រីជនជាតិចិន ដែលកំពុងអង្គុយលើកង់បី ទើបធ្វើឲ្យនាងស្រែកតបវិញ (ដោយមិនដឹងនិយាយអ្វីខ្លះនោះទេ) ក៏បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចប៉ុស្តិ៍អូរឫស្សីទី២ ចុះអន្តរាគមន៍ផងដែរ។
បន្ទាប់មកសមត្ថកិច្ចមកដល់កន្លែងកើតហេតុ ចុះមក រួចអោយភាគីទាំងសងខាងដោះស្រាយគ្នាមួយជំហានសិន ហើយបុរសជនជាតិចិននោះ បានតេទូរស័ព្ទទៅមិត្តភក្តិ មួយសន្ទុះក្រោយមក មានបុរសជនជាតិចិន២នាក់ទៀត ជិះម៉ូតូកូនទា ឌុបគ្នាមកកន្លែងកើតហេតុ រួចតេទូរស័ព្ទទៅអ្នកបកប្រែឲ្យនិយាយជាមួយសមត្ថកិច្ច រួចសមត្ថកិច្ចរៀបរាប់ប្រាប់ពីរឿងហេតុអោយបានដឹង រួចឲ្យទូរស័ព្ទជនជាតិចិននោះនិយាយវិញ ក្រោយពីបិទទូរស័ព្ទជនជាតិចិននោះ បានដកលុយ៧០ដុល្លារ ទៅអោយម្ចាស់រ៉ឺម៉កកង់បី ទុកជួសជុលការខូចខាត។ ដោយសារតែមិនចង់វែងឆ្ងាយ ម្ចាស់កង់បីក៏ព្រមទទួលទុក ដើម្បីបញ្ចប់រឿង ។
ក្រោយកើតហេតុស្ត្រីជនជាតិចិននោះ មិនចង់ត្រឡប់ទៅជាមួយជនជាតិចិនទាំង៣នាក់នោះទេ ហើយបានអង្គុយនៅលើកង់បី ឈ្លោះប្រកែកគ្នាជិត២០នាទីទៀត ទើបធ្វើឲ្យបុរសជនជាតិចិនជាអ្នកបើករថយន្ត បានឡើងជិះម៉ូតូកូនទាចេញទៅបាត់ មួយសន្ទុះក្រោយមក នាងព្រមឡើងជិះរថយន្ត រួចបើកចេញបាត់ទៅតែម្ដង ៕ ជ្រោយពេជ្រ