ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់ត្រូវជនមិនស្គាល់មុខសម្លាប់រួចយកទ្រព្យសម្បត្ដិអស់ជាច្រើននៅស្រុកកណ្ដាលស្ទឹង

ចែករំលែក៖

ខេត្តកណ្ដាលៈ ស្រ្ដីម្នាក់ដែលមានមុខរបរចងការប្រាក់ ត្រូវបានជនមិនស្គាល់មុខសម្លាប់រួចប្រមូលយកទ្រព្យសម្បត្ដិអស់ជាច្រើន បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៧និង១០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ត្រង់ក្នុងបន្ទប់ផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបឹង ឃុំរកា ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ស្រ្ដីរងគ្រោះដែលត្រូវជនមិនស្គាល់សម្លាប់នោះមានឈ្មោះ ឈុន ទូ ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរចងការប្រាក់ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកទ្រព្យសម្បត្ដិបាត់បង់(តាមការអះអាងរបស់ប្ដី)មាន៖ ប្រាក់ដុល្លារចំនួន៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ,ប្រាក់រៀលចំនួន២លានរៀល ,ខ្សែ កមាស២ខ្សែ ទម្ងន់២តម្លឹង ,ចិញ្ចៀនមាស១វង់ ទម្ងន់៥ជី និងខ្សែដៃមាស១ ខ្សែ ទម្ងន់១ជីផងដែរ ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឈ្មោះ វង្ស សម្បត្តិ អាយុ៥៤ឆ្នាំ ត្រូវជាប្ដីរបស់ស្រ្ដីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៦ព្រឹក រូបគាត់ជាប្ដីបានចេញពីផ្ទះទៅ ដោយស្រ្ដីរងគ្រោះជាប្រពន្ធនៅផ្ទះតែម្នាក់ឯង រហូតមកដល់វេលាម៉ោង១៧និង១៥នាទីរសៀល ទើបប្ដីស្រ្ដីរងគ្រោះបានត្រឡប់មកផ្ទះវិញ លុះមកដល់ផ្ទះ ប្ដីស្រ្ដីរងគ្រោះក៏បានឃើញទ្វារផ្ទះផ្នែកខាងមុខបើកចំហរដោយពុំចាប់អារម្មណ៍អ្វីនោះទេ រួចបានឈប់ម៉ូតូ ហើយក៏អូសម៉ូតូចូលទៅក្នុងផ្ទះ បន្ទាប់មកដើរទៅផ្ទះបាយខាងក្រោយ រួចក៏ដើរទៅកាត់សក់ តែមិនបានកាត់សក់ទេ ព្រោះជាងជាប់រវល់ ភ្លាមនោះក៏ដើរត្រឡប់មកផ្ទះវិញ រួចដើរចូលក្នុងបន្ទប់ស្រាប់តែឃើញស្រ្ដីរងគ្រោះដេកដួលនៅលើកម្រាលការ៉ូ រួចបានបីត្រកងស្រ្ដីរងគ្រោះជាប្រពន្ធមកក្រៅ ទើបដឹងថា ស្រ្ដីរងគ្រោះបានដាច់ស្លាប់បាត់ទៅហើយ ភ្លាមនោះធ្វើឲ្យមានការភ្ញាក់ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង រួចរាយការណ៍មកសមត្ថកិច្ច នគរបាលប៉ុស្ដិ៍រដ្ឋបាលរកាដើម្បីពិនិត្យសាកសព ។

ក្រោយពីនគរបាលប៉ុស្ដិ៍ទទួលបានករណីខាងលើ ភ្លាមនោះបានបន្ដរាយការណ៍ទៅនគរបាលជំនាញស្រុក ដោយសហការជាមួយមន្រ្ដីការិយាល័យបច្ចេកទេសផ្នែកកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យកោសល្យវិច័យខេត្ត រួចពិនិត្យឃើញថា៖ សាកសពមានស្នាមរលាត់លើចង្ការខាងឆ្វេង ប្រវែ១សង់ទីម៉ែត្រ ,មានស្នាមរលាត់នៅលើស្លាបច្រមុះខាងស្ដាំ ,ស្នាមរលាត់លើផ្នែកចង្ការខាងក្រោមប្រវែង១សង់ទីម៉ែត្រ ,មានស្នាមជាំនៅលើក្បាលជង្គង់ខាងឆ្វេង,មានស្នាមរលាត់ចង្វែកមេដៃខាងឆ្វេង ,រីកប្រស្រីភ្នែក(ប្រឹង) ,មានស្នាមបែកបបូរមាត់លើក្រោម ។ ក្រោយពីពិនិត្យចប់មន្រ្ដីជំនាញបានសន្និដ្ឋានថា ស្រ្ដីរងគ្រោះពិតជាស្លាប់ដោយ អំពើឃាតកម្ម ។ បន្ទាប់មកសាកសពស្រ្ដីរងគ្រោះត្រូវបានមន្ដ្រីជំនាញប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង និងស្រាវជ្រាវ តាមរកមុខជនដៃដល់ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ


ចែករំលែក៖