ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ បែកក្បាល សន្លប់ ខណៈកំពុងជិះម៉ូតូសុខៗ ស្រាប់តែមានរថយន្តកុងតឺន័រជិះបញ្ច្រាសគ្នា បត់ឆ្វេងខ្វះការប្រុងប្រយត្ន័ ក៏បុកពេញទំហឹងលាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរឆ្លងកាត់ចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃចន្ទ៩កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវ នឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នៅ វេលាម៉ោង៩:៣០នាទីយប់នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៦១>១៦២ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថាបុរសរងគ្រោះមានឈ្មោះឯម ក្រូច អាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរកម្មករជាងដែក មានទីលំនៅស្រុករមាសហែក ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះអាន់ ផល្លី អាយុ៣១ឆ្នាំជនជាតិខ្មែរមុខរបរកម្មករហាងចិន មានទីលំនៅភូមិថ្មគ្រែល ឃុំថ្មគ្រែល ស្រុកក្រចេះ ខេត្តក្រចេះខណះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1E0199ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តបង្កហេតុមិនត្រូវបានស្គាល់ឈ្មោះនៅឡើយ ក្រោយពីគ្រោះថ្នាក់ ចរាចរណ៍បានរត់គេចខ្លួន បន្សល់តែរថយន្តកុងទីន័រ០១គ្រឿង ម៉ាក INTERNATION ពណ៌ ស ពាក់ស្លាកលេខ 51C-54840 និងកន្ទយរឺម៉កពាក់ស្លាកលេខ51C-13084(នៅ និងកន្លែង។
តាមសាក្សីបានឲ្យដឹងថាមុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1E0199លើកំណាត់ផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតមកលិចខណះនោះស្រាប់តែមានរថយន្តកុងទិន័រ ម៉ាក INTERNATION ពណ៌ សមួយគ្រឿងបើកក្នុងទិសដៅបញ្ច្រាសគ្នាហើយក៏បានបត់ឆ្វេងខ្វះប្រុងប្រយត្ន័ក៏បុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
បច្ចុប្បន្នអ្នករងរបួសធ្ងន់ទាំង០២នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងធ្វើការវាស់វែងព្រមទាំងអូសយកមធ្យោបាយទាំង០២គ្រឿងដែលខូចខាតយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាង សុំណុំរឿទៅតាមនីតិវិធីច្បាប់ ៕ យឹម សុថាន