ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិកូរ៉េជួលទីតាំងបើកក្លឹបមិនកាក់កបបិទដឹកឥវ៉ាន់ចេញ ម្ចាស់ដឹងទាន់ឃាត់នាំទៅឲ្យសម្ថកិច្ចដោះស្រាយ ខណៈមិនទាន់ផុតកុងត្រា

ចែករំលែក៖

ភ្នំពេញ៖​ បុរសជាជនជាតិកូរ៉េម្នាក់ ដែលមានប្រពន្ធជនជាតិខ្មែរ បានជួលទីតាំងបើកក្លឹប កំសាន្តមួយកន្លែងពីម្ចាស់ដែលជាជនជាតិខ្មែរដោយមានកុងត្រារយះពេល២ឆ្នាំតែមិនទាន់ដល់ថ្ងៃកំណត់ផងព្រោះតែមិនកាក់កបថែមទាំងខាតដើមទៀតនោះទើបនាំគ្នាបិតនិងរើឥវ៉ាន់ចេញតែម្ចាស់ដឹងទាន់ឃាត់ក៏ទាស់ពាក្សសំដីគ្នាបង្កការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩​ នៅចំនុចក្លឹប ហ្វាន់ក្លឹប តាមបណ្តោយផ្លូវវេងស្រេង ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងឈ្មោះ សា រ៉ាត់ ចំណែកបុរសអ្នកជួលឈ្មោះ ស៊ីន ឆុងហ្វាន់ អាយុ៦៥ឆ្នាំ ជាជនជាតិកូរ៉េ មានប្រពន្ធឈ្មោះ ទេប ចាន់ណារិន អាយុ៣៣ឆ្នាំ ជាជនជាតិខ្មែរ។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ បុរសជនជាតិកូរ៉េ និងប្រពន្ធជនជាតិខ្មែរ បានជួលទីតាំងខាងលើ បើកក្លឹបឌីស្កូ ដោយដាក់យីហោ ហ្វាន់ក្លឹប នៅក្នុងការជួលនេះ ក្នុង១ខែ ៣,០០០ដុល្លារ ហើយក៏បានធ្វើកិច្ចសន្យាជាមួយគ្នាត្រឹមត្រូវ ដោយជួលរយ:ពេល២ឆ្នាំ។ ខណ:នោះ ម្ចាស់ទីតាំង បានតម្រូវឲ្យកក់លុយមុន១ខែ គឺ៣,០០០ដុល្លារ ហើយក្រោយពេលត្រូវរ៉ូវគ្នាហើយ បុរសជនជាតិកូរ៉េ បានបើកដំណើរការក្លឹបនោះ ជារៀងរាល់ខែ។

រហូតមកទល់ និងពេលនេះ ទើបបានរយ:ពេល៨ខែប៉ុណ្ណោះ ក្លឹបត្រូវបានបិទទ្វារឈប់ដំណើរការ ហើយថៅកែកូរ៉េនេះ បានរើឥវ៉ាន់បម្រុងចាកចេញ ក៏ត្រូវម្ចាស់ទីតាំងរារាំងមិនឲ្យរើ ព្រមទាំងឃាត់មិនឲ្យបុរសជនជាតិកូរ៉េនោះ យកសម្ភារចេញពីទីតាំង និងទាមទារ ឲ្យបើកប្រាក់ឈ្នួលទីតាំង ក្នុងខែចុងក្រោយសិន ដោយអះអាងថា ជនជាតិកូរ៉េ មិនគោរពកុងត្រា ហើយមិនទាន់បើកលុយឈ្នួល ក្នុងខែមករា ជូនគាត់នៅឡើយ ។ ពេលនោះ ក៏បង្កឲ្យមានទំនាស់គ្នាកើតឡើង រហូតម្ចាស់ទីតាំងប្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍ចោមចៅ ជួយអន្តរាគមន៍ និងរកដំណោះស្រាយ។

តាមរយ:ការបកស្រាយរបស់បុរសជនជាតិកូរ៉េ បានឲ្យដឹងថា គាត់មិនចង់ធ្វើបែបនេះទេ ប៉ុន្តែគាត់បានរកស៊ី រហូតអស់ចំនួនជាង៧ម៉ឺនដុល្លារហើយ ដូច្នេះគ្មានលទ្ធភាព ដើម្បីបន្តការរកស៊ីទៀតបានឡើយ។ ពេលនេះ គាត់សុំចប់ត្រឹមនឹង និងសុំយកសម្ភាររបស់គាត់ចេញពីទីតាំង ដោយឡែកប្រាប់ឈ្នួល គាត់បានកក់មុន១ខែដែរ ហើយហេតុនេះ សូមឲ្យរួចគ្នាទៅចុះ។

ក្រោយសម្របសម្រួលគ្នារួចមក រហូតដល់វេលាម៉ោង០១និង១៥នាទីរសៀល ថ្ងៃដដែល ទើបភាគីទាំង២ បានឯកភាពបញ្ចប់រឿង ដោយខាងបុរសជនជាតិកូរ៉េ យល់ព្រមចេញបង់ថ្លៃទឹកថ្លៃភ្លើង និងបើកប្រាក់ឈ្នួលចំនួន៣០០ដុល្លារនៅក្នុងខែមករា ឆ្នាំ២០១៩ នេះ ទៅឲ្យម្ចាស់ទីតាំង ៕ សុខាសែនជ័យ


ចែករំលែក៖