ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពវាយប្លន់ យកទូរស័ព្ទ និងលុយ ពីបុរសម្នាក់ រួចព្យាយាម គេចខ្លួន អស់រយះពេល៤ថ្ងៃ ទើបសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ២នាក់ ខណៈម្នាក់ទៀតកំពុងគេចខ្លួន ។
ហេតុការណ៍ វាយប្លន់នេះ បានកើតឡើងកាលពីវេលា ម៉ោង១៩ និង០០នាទី នៅថ្ងៃ១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចដីវាលស្ថិត ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ហើយឃាត់ខ្លួនបាននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៩ ។
លោក ទូច ទី នាយប៉ុស្តិ៍នគរបាលសង្កាត់ត្រពាំងក្រសាំង បានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ក្រោយកើតហេតុ៣ថ្ងៃដោយសារជនរងគ្រោះឈឺ របួសគ្រាំពេញខ្លួនទើសំរាកនៅមន្ទីរពេទ្យ ពោលគឺជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅថ្ងៃទី១៤ មករា កម្លាំងបានសហការជាមួយជនរងគ្រោះ ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅថ្ងៃទី១៥ មករា ចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន ។
លោកមេប៉ុស្តិ៍បានដឹងទៀតថា ជនសង្ស័យទី១ ឈ្មោះចក់ ពៅ ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ សំណង់ ទីលំនៅបន្ទប់ជួល ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ( ឃាត់ខ្លួនថ្ងៃ15.01.2019), ជនសង្ស័យទី២ ឈ្មោះ ណុប រដ្ឋា ហៅក្រៅ អាជ្រក់ ភេទ ប្រុស អាយុ ២២ ឆ្នាំ ទីលំនៅបន្ទប់ជួល ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង មុខរបរ កម្មករសំណង់ ( ឃាត់ខ្លួនថ្ងៃ15.01.2019) និង ឈ្មោះអាពាក់មុី ភេទប្រុស (រត់គេចខ្លួន) ។
ដោយឡែក ជនរងគ្រោះ ឈ្មោះ មួង សារ៉ង ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ជនរងគ្រោះមានរបួសហើមជាំរង្វង់ភ្នែកខាងឆ្វេង ហើមថ្ពល់ឆ្វេង ហើមឆ្អឹងជំនីរឆ្វេង និងថប់ៗដង្ហើម ។ បាត់សំភារះ ៖ ប្រាក់ដុល្លារ៥០ដុល្លារ, ប្រាក់ រៀលចំនួន៤០០០០រៀល និង ទូរស័ព្ទមួយគ្រឿង។
ប្រភពបានប្រាប់សមត្ថកិច្ចកក់កំណត់ហេតុថា មុនពេលកើតហេតុ ជនរងគ្រោះបានឌុបកង់កូនជិះដើរលេង លុះមកដល់រោងទឹកត្នោត ក៏ជួប នឹងជនសង្ស័យ៣នាក់ខាងលើ បានហៅជនរងគ្រោះឲ្យចូលផឹកជាមួយ ក្រោយផឹកបានបន្តិច ជនរងគ្រោះបានឲ្យកូនជិះកង់ទៅផ្ទះមុន លុះផឹកស្រវឹង ខ្លួនបានសុំទៅផ្ទះមុន ប៉ុន្តែជនសង្ស័យទាំង៣នាក់ មិនព្រម ដោយឲ្យជនរងគ្រោះទៅទិញថ្នាំញៀនឲ្យពួកគេជក់ ។
ខណៈនោះពួកជនសង្ស័យបានប្រើល្បិច ឌុបជនរងគ្រោះទៅកន្លែងស្ងាត់ ដីវាល នាំគ្នាព្រួតវាយជនរងគ្រោះសន្លប់ លុះពេលជនរងគ្រោះភ្ញាក់ឡើង ដឹងថា ខ្លួនបាត់លុយ៥០ដុល្លារ លុយខ្មែរ៤ម៉ឺនរៀល ទូរស័ព្ទមួយគ្រឿង ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនោះ គឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ រហូតដល់ថ្ងៃទី១៤ មករា ទើបមកដាក់ពាក្យបណ្តឹង ។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ