ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​យុវជន​ម្នាក់ តាម​ដីកាតុលាការ ពាក់ព័ន្ធជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ យុវជន​ម្នាក់ ត្រូវបាន​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន សហការ​ជាមួយ​កម្លាំង​នគរបាលការិយាល័យ​ប្រឆាំង​គ្រឿងញៀន ធ្វើការ​ឃាត់ខ្លួន កាលពីព្រឹក ថ្ងៃអង្គារ ១០ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

មន្ត្រីនគរបាលការិយាល័យ​ប្រឆាំង​គ្រឿងញៀនខេត្តបានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ ឆាំ ដុំ ភេទ​ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ទួល​ជ្រៃ ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង។​ជនសង្ស័យ​រូបនេះត្រូវឃាត់ខ្លួនតាមអំណាច​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ៥៨៥ ចុះ​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ចេញ​ដោយ​លោក ញាណ សុវណ្ណ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តបាត់ដំបង បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ ឆាំ ដុំ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ទួល​ជ្រៃ ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង កាលពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។

វត្ថុតាង​ចាប់​យកបាន​រួមមាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន១កញ្ចប់ អាវុធ​កែច្នៃ១ដើម ម៉ូតូ១គ្រឿង ម៉ាក​ហុងដា​ឃ្លី​ច ស៊េរី​ឆ្នាំ២០១៩ ពណ៌​ខ្មៅ​លាយ​ឈាមជ្រូក ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 1K-7023 ទូរស័ព្ទ១គ្រឿង និង​សម្ភារៈប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត រួចកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖