ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះអគ្គិភ័យឆេះផ្ទះស្លាប់ក្មេង ២នាក់បងប្អូនបង្កើតដ៏រន្ធត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ហេតុការណ៍គ្រោះអគ្គិភ័យឆេះផ្ទះស្លាប់ក្មេង ២នាក់បងប្អូនបង្កើតដ៏រន្ធត់ ខណៈដែលឪពុកម្ដាយរបស់ពួកគេជាប់រវល់ នេះចាត់ទុកជាការធ្វេសប្រហ័សរបស់អាណាព្យាបាល។

ហេតុការណ៍គ្រោះអគ្គិភ័យបណ្ដាលឲ្យក្មេងប្រុសស្រីបងប្អូនបង្កើតស្លាប់ក្នុងភ្នួកភ្លើងដ៏រន្ធត់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៤ និង១០នាទី រសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចអណ្ដូងតាជុក ស្ថិតក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុង,ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានជំវិញកន្លែងកើតបានឲ្យដឹងថា ក្មេងៗរងគ្រោះ(ស្លាប់)នៅក្នុងភ្នួកភ្លើងដ៏រន្ធត់ខាងលើ ទី១ ឈ្មោះ ឯល ម៉ាត់ ភេទប្រុស អាយុ ៧ឆ្នាំ ជនជាតិខ្មែរឥស្លាម(បង) និងទី២ជាប្អូនស្រីឈ្មោះ ឯល ម៉ៃ អាយុ ២ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយឈ្មោះ ត ឯល អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម និងប្រពន្ធឈ្មោះ សី ធាង អាយុ ៣១ឆ្នាំ រស់នៅចំណុច ស្ថិតក្នុងភូមិ.សង្កាត់កើតហេតុខាងលើ។

ប្រភពព័ត៌មានខាងលើបន្តថា ហេតុការណ៍នេះបានកើតឡើងនៅគ្រាដែលឪពុករវល់ទៅមើលសត្វពាហនៈ(ក្របី) ចម្ងាយពីផ្ទះប្រមាណ ២ទៅ៣គីឡូម៉ែត្រ ចំណែកម្ដាយរវល់ទៅច្រូតស្បូវ កូនបងបង្អស់ ក៏មិននៅផ្ទះទៀត។

ប្រភពដដែលបន្តទៀតថា ផ្ទះត្រូវបានអគ្គិភ័យឆាបឆេះមានទំហ៊ុំទទឹងប្រវែង ៣ម៉ែត្រ គុណនឹងបណ្ដោយប្រវែង ៤ម៉ែត្រ ដំបូលប្រក់ស្បូវ ជញ្ជាំងបាំងស័ង្កសី ដែលកម្ពស់ប្រមាណ ២ម៉ែត្រពីដី ឆេះអស់ទាំងស្រុង យោងចម្លើយរបស់ឪពុកម្ដាយជាម្ចាស់ផ្ទះ ករណីនេះត្រូវបានគេសន្ធិដ្ឋានអាចកូនបងអាយុ ៧ឆ្នាំយកប្រេងម៉ាស៊ូត បង្កាត់ភ្លើងចង្ក្រានដើម្បីណាំទឹកស្រុះមីញាំ បណ្ដាលឲ្យរាលឆាបឆេះធ្វើឲ្យប្អូនស្រី អាយុ ៣ឆ្នាំចេញមិនរួច ហើយក្មេងរងគ្រោះជាបងទៅជួយដោយយកភួយគ្របដណ្ណប់ទាំង ២នាក់បងប្អូន ទើបឆេះស្លាប់ទាំង ២នាក់បងប្អូនបង្កើតយ៉ាងសង្វេគរន្ធត់បែបនេះ ម្យ៉ាងទៀតតំបន់ដាច់ស្រយាលមិនសូវមានផ្ទះនោះទេមិនអាចជួយអន្តរាគមន៍គ្នាទាន់ ករណីនេះគេឃើញអាជ្ញាមានសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធសហការ ចុះដល់កន្លែងដើម្បីពិនិត្យ និងស្រាវជ្រាវផងដែរ ប៉ុន្តែគេមិនទទួលបានអំពីលទ្ធផលនោះឡើយ ៕ ប៉ឹម ពិន


ចែករំលែក៖