ព័ត៌មានទាន់ហេតុការណ៍៖

ប្រើដៃមួលកប្លន់យកម៉ូតូ តែមិនបានសម្រេច ជិះទៅបុករបងលួស

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ ខណៈរូបគេបានធ្វើសកម្មភាពដោយប្រើដៃ មួលកជនរងគ្រោះជាអ្នករត់ម៉ូតូឌុបប្លន់យកម៉ូតូ តែមិនបានសម្រេច ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៥ មករា ឆ្នាំ២០១៩ វេលាម៉ោងរំលងអធ្រាត្រ នៅចំណុចតាមផ្លូវ១៩៥៨ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះ តូច ចន្ថា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) របួសលើមុខ ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ខែម ធឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ភូមិដំនាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

សម្ភារ បន្សល់ទុក ៖ម៉ូតូចំនួន០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BG-6701 ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះបានជិះ ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BG-6701 ក្នុងបំណងរត់ឌុបលុះមកដល់ម្តុំផ្លូវជាតិលេខ០៤ ក៏ជួបនិងជនសង្ស័យបានហៅឲ្យគាត់ឌុបមកចំណុចកើតហេតុខាងលើពេលមកដល់ដោយមានសភាពស្ងាត់ ជនសង្ស័យបានធ្វើសកម្មភាពយកដៃរបស់ខ្លួន ចាប់មួលកជនរងគ្រោះពីក្រោយបណ្តាឲ្យដួលម៉ូតូ ទាំងអស់គ្នា រួចជនសង្ស័យក្រោកឡើងលើម៉ូតូរបស់ជនរងគ្រោះជិះក្នុងបំណងគេចខ្លួន ប៉ុន្តែជិះបានចម្ងាយប្រហែល ២០ម៉ែត្រ ក៏ទៅបុករបងលួសទៅមុខលែងរួចបណ្តាឲ្យរបួស ក្រោយមកជនរងគ្រោះបានស្រែកថាចោរៗធ្វើឲ្យមានការភ្ញាក់ផ្អើល ភ្លាមនោះកម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី បានល្បាតដល់បានឃាត់ខ្លួនជនសង្ស័យយតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី និងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ត ៕ តុង សីហា


ចែករំលែក៖