ខេត្តកោះកុង ៖ មុខសញ្ញាលួចទ្រព្យតាមមន្ទីរពេទ្យម្នាក់ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានក្រុងខេមរភូមិន្ទ ឃាត់ខ្លួនភ្លាមៗ ក្រោយពីបានបន្លំខ្លួនធ្វើជាអ្នកមកកំដរអ្នកជំងឺរួចលួចទូរស័ព្ទដៃiphone6ចំនួន១គ្រឿង នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តកោះកុង។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានប្រព្រឹត្តទៅកាលពីព្រឹក ថ្ងៃពុធ ១១ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តកោះកុង ។
នគរបាលក្រុងខេមរភូមិន្ទបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន មានឈ្មោះ ហង្ស ចន្ទកក្កដា ហៅដែន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលេងភ្លេង មានទីលំនៅផ្ទះជួល ក្នុងភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ជនសង្ស័យនេះ បានលួចទូរស័ព្ទដៃiphone6 ពណ៌ទឹកប្រាក់១គ្រឿង របស់ជនរងគ្រោះឈ្មោះ ប៉េង សំណាង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅក្នុងមន្ទីរបង្អែកពេទ្យខេត្តកោះកុង។ រីឯក្រុមបក្ខពួករបស់គេផ្សេងៗទៀតរត់គេចអស់បាត់។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធី។
សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា ការបន្លំខ្លួនធ្វើជាអ្នកមកកំដអ្នកជំងឺក្នុងបន្ទប់មន្ទីរពេទ្យបែបនេះមិនមែនជាលើកទី១នោះទេ ការពិតជនសង្ស័យធ្វើបានសម្រេចច្រើនដងមកហើយមិនដែលចាប់បានឡើយ ។ ប៉ុន្តែក្រោយពីមន្ទីរពេទ្យបានដំឡើងកាមេរ៉ាសុវត្ថិភាពតាមបន្ទប់របស់អ្នកជំងឺពេលណាមក ទើបឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ ជាក់ស្តែងដូចករណីលួចទូរស័ព្ទខាងលើនេះឯង ៕ សហការី