ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍ពីពលរដ្ឋអះអាងថា នៅវេលាម៉ោងប្រមាណជិត៧យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៩ មានជនល្មើសពីរនាក់ចូលទៅធ្វើសកម្មភាពប្លន់ក្នុងផ្ទះមួយកន្លែងត្រង់ចំណុចក្បែរឱសថស្ថាន កំពង់សោមថ្មីឈុត នៅក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលតាមការអះអាងពីម្ចាស់ផ្ទះរងគ្រោះថា ក្រុមចោរបានធ្វើសកម្មភាពដោយប្រើប្រាស់អាវុធ ធ្វើឲ្យបុរសម្នាក់ជាម្ចាស់ផ្ទះរងរបួសត្រង់ក្បាលពោះ ។
ក្រោយហេតុការណ៍ភ្លាមៗ សមត្ថកិច្ចក៏បានមកដល់ និងកំពុងស្រាវជ្រាវ។
ជុំវិញករណីនេះ បើយោងតាមជនរងគ្រោះ បានឲ្យដឹងថា នៅវេលាកើតហេតុរូបគាត់កំពុងចូលក្នុងបន្ទប់ទឹក ក៏ស្រាប់តែមានជនសង្ស័យចំនួនពីរនាក់បានស្ទុះចូលមកក្នុងបន្ទប់ទឹករបស់គាត់ ហើយបម្រុងយកកាំបិតចាក់ ឯម្នាក់ទៀតបានទាញកាំភ្លើងមកភ្ជង់កូនស្រីរបស់គាត់ ប៉ុន្តែគាត់ធ្វើការប្រតាយប្រតប់រហូតរងរបួស ដោយសារក្រុមចោរចាក់ចំក្បាលពោះនឹងកាំបិតមុននឹងរត់គេចខ្លួន។
ទោះជាយ៉ាងនេះក្តីនៅមិនទាន់មានរបាយការណ៍ផ្លូវការពីសមត្ថកិច្ចទៅលើហេតុការណ៍នេះថា យ៉ាងណានៅឡើយ ដោយសមត្ថកិច្ចអះអាងថា រង់ចាំស្រាវជ្រាវជាមុនសិន៕