ភ្នំពេញ៖ បុរសស្ត្រី២នាក់ ប្ដី ប្រពន្ធ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួនបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកព្រលឹមថ្ងៃទី១៧ ខែមករា នេះ ពាក់ព័ន្ធសំណុំរឿងឆបោក ក្រោមរូបភាពលក់ដីខ្យល់ប្រមូលប្រាក់ពីអ្នកទិញប្រមាណ១លានដុល្លារ ។
ជនសង្ស័យទាំង២នាក់ ប្រពន្ធឈ្មោះ ជៀម ច័ន្ទបុរី អាយុ៥០ឆ្នាំ និង ប្ដីឈ្មោះ អ៊ូ សៀករ៉ាន់ អាយុ៤៨ឆ្នាំ។
សមត្ថកិច្ច បានបញ្ជាក់ថា រូបភាពឆបោកនៃបុគ្គលទាំង២នាក់ ដោយមុនដំបូងឡើយពួកគេបានចាត់តាំងគ្នីគ្នាឲ្យមានអ្នកដើរតួនៅខាងក្រៅប្រទេសជាមួយនិងមេធាវីផងទៅចុះកិច្ចសន្យាជាមួយធនាគារ ដើម្បីឲ្យអ្នកទិញបង់ប្រាក់ ដើម្បីលក់ដីខ្យល់ឲ្យប្រជាពលរដ្ឋ ដោយមានប្តីប្រពន្ធ២នាក់ ជាជនសង្ស័យដើរឃោសនាអូសទាញប្រជាពលរដ្ឋឲ្យជឿស៊ុប ព្រមទិញនិងបង់ប្រាក់ឲ្យពួកគេ។
ក្នុងនោះមានប្រជាពលរដ្ឋចំនួន១២គ្រួសារ បានចាញ់កលល្បិចលក់ដីខ្យល់នេះ បានបង់លុយទិញដីជាបន្តបន្ទាប់ គ្រួសារខ្លះ៥ម៉ឺនដុល្លារ ខ្លះ៨ម៉ឺនដុល្លារ ខ្លះរហូតដល់៣៥ម៉ឺនដុល្លារ សរុបប្រមាណ១លានដុល្លារឯណោះ ប៉ុន្តែមិនឃើញមានអ្វីជាថ្នូរទេ ក្រៅអំពីក្រដាស់បង្ហាញពីដីអភិវឌ្ឍនៅកន្លែងនេះកន្លែងនោះមិនច្បាស់លាស់។
ដោយកើតការសង្ស័យម្ចាស់លុយក៏ដាក់ពាក្យប្ដឹងមកសមត្ថកិច្ចតែម្ដង ទើបប៉ូលិសបានចាប់ខ្លួនជនសង្ស័យទាំង២នាក់ កាលពីថ្ងៃទី១៥ មករា នាំមកក្រសួងមហាផ្ទៃ ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងដើម្បីបន្តនីតិវិធី។
ចំណែកព្រះសង្ឃមួយអង្គ ដែលទៅជាប់ជំពាក់វាក់វិនក្នុងសាច់រឿងនិងគេដែរនោះ ដោយសារកន្លងមកព្រះសង្ឃនេះបានអោយប្រាក់ចំនួន២ពាន់ដុល្លារឲ្យប្ដីប្រពន្ធ២នាក់នេះខ្ចី លុះពេលឃើញសមត្ថកិច្ចចុះទៅចាប់ខ្លួនប្ដីប្រពន្ធ២នាក់ ឆ្ងល់ក៏ចូលមកសួរ ទើបដឹងថា ញោមគាត់ឆបោកគេបានប្រាក់ច្រើនណាស់កន្លងទៅ ។
ឥឡូវនេះអយ្យការអមសាលាដំបូងកំពុងសាកសួរជនសង្ស័យនៅឡើយ មិនទាន់មានការសម្រេចតាមផ្លូវច្បាប់បែបណាទេ៕ ចេស្តា