ភ្នំពេញ ៖ បច្ចុប្បន្ននេះ ដីនៅទីក្រុងមានហាងឆេងឡើងថ្លៃ អីចឹងហើយដីនៅតាមមាត់ព្រែក បឹងទន្លេ ដែលជាដីរបស់រដ្ឋត្រូវបានឈ្មួញឃុបឃិតជាមួយមន្ត្រីអាជ្ញាធរ ខិលខូចមួយចំនួន ចាក់រំលោភយកអស់គ្មានសល់ ជាពិសេស ដីចំណីព្រែក និងតួព្រែកតែម្តង ដែលនៅជាប់កន្ទុយដីរបស់ឈ្មួញនីមួយៗ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរតំបន់បានឲ្យដឹងថា ដីចំណីព្រែកតាគង់ ឋិតនៅក្នុងភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា ត្រូវឈ្មួញចាក់លុបយ៉ាងអនាធិបតេយ្យ ជាពិសេសក្រុមហ៊ុនបុរីភ្នំពេញផាក ដែលគេស្គាល់ថា ជារបស់លោកឧកញ៉ាខូវ គីមបាក់ តំបន់នេះកំពុងចាក់លុបព្រែកតាគង់ចង់ជិតពេញអស់ហើយ ។
ប្រភពបន្តថាព្រែកធម្មជាតិមួយនេះ គឺប្រជាជនរាប់រយគ្រួសារ បានអាស្រ័យផលទឹកព្រែកនេះ និងដើម្បីឲ្យសត្វពាហនៈគោក្របី និងសត្វចិញ្ចឹមផ្សេងៗផឹក និងប៉ុន្តែបច្ចុប្បន្នត្រូវបានក្រុមហ៊ុនបុរី ភ្នំពេញ ផាកចាក់រំលោភយក ស្ទើបាត់ទ្រង់ទ្រាយព្រែកតាគង់អស់ទៅហើយ ។
ប្រភពបន្តទៀតថាបច្ចុប្បន្នត្រូវបានម្ចាស់បុរីមួយចំនួន មួយចំនួន ដូចជា បុរីភ្នំពេញផាកបុរីអ័គីដេ និងបុរីប៊ុនជេសជាដើមដែលបានបង្ហូរទឹកស្អុយផ្ទាល់ដាក់ចូលទៅក្នុងព្រែកនេះក្លាយជាទឹកស្អុយដោយគ្មានការចម្រោះទឹកអ្វីឡើយ បណ្តាលឲ្យប្រជាជន និងសត្វចញ្ចឹមអាស្រ័យផលទឹកព្រែកនេះលែងកើត តែម្តងដែលគ្មានអាជ្ញាធរថ្នាក់ណាអើពើនោះឡើយ ព្រោះគេបានឃុបឃិតគ្នា ជាលក្ខណៈប្រព័ន្ធរួចរាល់មិនមានអ្នកណាហ៊ានតវ៉ានោះទេ ដោយពួកគាត់ដឹងថា បើតវ៉ាក៏គ្មានប្រយោជន៍អីដែរ ។
ប្រជាពលរដ្ឋរាប់រយគ្រួសារ ដែលរស់នៅជុំវិញព្រែកនេះ បានសំណូមពរទៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងអ្នកពាក់ព័ន្ធទាំងអស់ជួយចាត់វិធានការ ទប់ស្កាត់ការលុបបំបាត់ការចាក់លុបព្រែកធម្មជាតិនេះផង ។
ពាក់ពន្ធ័នឹងការចាក់ដីរំលោភព្រែកតាគង់ខាងលើនេះ លោកឃនសុជាតិ នាយករងរដ្ឋបាលខណ្ឌជ្រោយចង្វារបានប្រាប់ថា ការចាក់ដីលុបព្រែក គឺមានច្បាប់ពីសាលាក្រុងត្រឹមត្រូវ ដោយទីតាំងនោះ គេចាក់ធ្វើស្ពាន ចំណែកតំណាងក្រុមហ៊ុនបុរីភ្នំពេញផាកមិនអាចសុំការបកស្រាយបានទេ ៕ ជ្រោយពេជ្រ