ព័ត៌មានទាន់ហេតុការណ៍៖

មិនទាន់រលត់ភ្លើងផង! ១ករណីទៀតចងកធ្វើអត្តឃាត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្តៅៗទៀតហើយ ករណីចងកធ្វើអត្តឃាត នៅលើដើមឈើ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈកាលម្សិលមិញ ស្ទើរតែមិនទាន់បាត់អស់ផ្សែងភ្លើងផងនោះ ។

ហេតុការណ៍ចងកធ្វើអត្តឃាតបានសម្រេចនៅលើដើមឈើខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨ និង៤៨នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចស្ទឹងខៀវ ស្ថិតក្នុងភូមិចំកាជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ តៅ ប៊ុនលី ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសារៀង ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ស្នាក់នៅរកស៊ីអារឈើ ស្ថិតក្នុងភូមិ.ឃុំកើតហេតុខាងលើ។

ប្រភពខាងលើបន្តថា ករណីនេះសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការ ចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវ ការសន្ធិដ្ឋានជនរងគ្រោះពិតជាអាចស្លាប់ដោយចងកធ្វើអត្តឃាតប្រាកដមែន ខណៈបងប្អូនសាច់ញាត្តិលើកឡើងស្រឌៀងៗគ្នា គាត់មានជំងឺរាំុរ៉ៃប្រចាំកាយ(សរសៃប្រសសទ)។

ប្រភពបន្តទៀតថា សាកសពបានធ្វើកំណត់ហេតុប្រគល់ជូនឈ្មោះ កោយ ថុន ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា ត្រូវជាប្អូនថ្លៃនៃសព ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

គួររំលឹកផងដែរថា កាលពីព្រឹកម្សិលមិញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែងដដែល ក៍មាន ១ករណីដែរ ដោយជាប់ពាក់ព័ន្ធករណីស្នេហា៕ បឹុម ពិន


ចែករំលែក៖