ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដំឡូងមីរបស់ថៃក្រឡាប់កិនមនុស្សស្លាប់ម្នាក់នៅស្រុកម៉ាឡៃ

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសម្នាក់រងរបួសធ្ងន់ដោយរថយន្តដឹកដំឡូងមីរបស់ថៃបើកក្នុងល្បឿនលឿន ដល់ចំណុចផ្លូវ​កោងបានក្រឡាប់ទ្រុងឡានក្រោយសង្កត់លើ បានស្លាប់ខណៈដឹកដល់មន្ទីរពេទ្យ ។

ហេតុ​ការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី​ ១៦ ខែមករា ឆ្នាំ២០១៩​ វេលា​ម៉ោង​ ៤​ និង​ ១៥នាទីរសៀល​ នៅលើផ្លូវជាតិ​លេខ​៥៩​ ត្រង់ចំណុច​ ភូមិកណ្តាល​ ឃុំម៉ាឡៃ​ ស្រុក​ម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯកបេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ជនរងគ្រោះ​ឈ្មោះសុង លីភេទ ប្រុស អាយុ៣០ឆ្នាំរស់នៅភូមិជ្រោងស្តៅ ក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យបានស្លាប់ ។ ចំណែកបើកបររថយន្តឈ្មោះ សិត ថាផនសុរៈ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ ត្រាច ឃុំតាឃង់ ស្រុក សាំខៈ ខេត្ត សុរិន្ទ ប្រទេសថៃ ។

លោកអធិការបានបន្តថា៖មុនពេលកើតហេតុជនរងគ្រោះមកចូលរួមរៀបអារពាហ៍ពិពាហ៍ បង​ប្អូន​នៅភូមិខ្លាងាប់ អូរសំព័រ ស្រុកម៉ាឡៃ ហើយឈ្លាតពេលទៅលេងបងប្អូន នៅភូមិដូង ឃុំម៉ាឡៃ ដោយបើកបរម៉ូតូ ក្នុងទិសដៅពីកើតទៅលិច ដល់ចំណុចកើតហេតុខាងលើ រៀបបត់ម៉ូតូចូលផ្ទះបង​ប្អូន ស្របពេលនោះមានរថយន្តធុនធំរបស់ថៃដឹកដំឡូងមី បើកក្នុងទិសដៅស្របគ្នា យ៉ាងលឿន ដល់ចំណុចកើតហេតុជាកន្លែងផ្លូវកោងក៏ក្រឡាប់ បណ្តាលឲ្យទ្រុងរថយន្តសង្កត់ទៅលើជនរងគ្រោះ រងរបួសធ្ងន់ ក្រោយមកបានស្លាប់ពេលដឹកទៅដលើមន្ទីរពេទ្យ ។

លោកអធិការបានបញ្ជាក់ថា៖ក្រោយពីកើតហេតុកម្លាំងនគរបាលជំនាញចរាចរណ៍ស្រុកបានចុះទៅដល់នឹបានធ្វើការចាប់ឃាត់អ្នកបើកបររថយន្តមកអធិការដ្ឋាននគរបាលស្រុក ដើម្បីរៀបចំសំណុំ រឿងតាមនិតិវិធីច្បាប់ ។ចំណែកម៉ូតូនិងរថយន្ត យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក រង​ចាំ​ធ្វើការដោះស្រាយជាមួយម្ចាស់រថយន្តនៅពេលក្រោយ ៕ វណ្ណា


ចែករំលែក៖